(សៀមរាប)៖ សិប្បកម្មសូត្រដ៏ធំជាងគេនៅស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានរៀបចំពិធីសូត្រមន្ត បើកដំណើរការឡើងវិញ បន្ទាប់ពីផ្អាកដំណើរការមួយរយៈ ដោយសារវិបត្តិជំងឺកូវីដ១៩។

ក្នុងពិធីសំណេះសំណាល លោក កាយ ឡូត ប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងថា សិប្បកម្មសូត្រនេះបានទ្រទ្រង់ និងថែរក្សាកេរ្ត៍ដំណែលវប្បធម៌ និងសិប្បកម្ម បុរាណរបស់ប្រទេសកម្ពុជា និងមានឥទ្ធិពលជាវិជ្ជាមានដល់ជីវិតរស់នៅ របស់ប្រជាពលរដ្ឋ នៅតាមបណ្តាលមូលដ្ឋានផងដែរ។

លោកបន្តថា នេះជាការជួបជុំគ្នាមួយនៃមហាគ្រួសារសិប្បកម្មសូត្រអង្គរ ក្រោយពេលជំងឺកូវីដ១៩ បានសាបសូន្យទៅ ទើបបានធ្វើឲ្យយើងធ្វើការប្រមូលផ្តុំដល់បុគ្គលិកបម្រើការងារ និងក្រុមសិប្បករទាំងជំនាញចន្លាក់ឈើ, ចន្លាក់ថ្ម និងផ្នែកតម្បាញសូត្រចំនួន១៨០នាក់។

លោក កាយ ឡូត បានបន្តថា នៅមុនកើតវិបត្តិជំងឺកូវីដ១៩ សិប្បកម្មសូត្រអង្គរ នៅសូត្រពួក មានសិប្បករជាង៤០០នាក់ ហើយដំណាក់កាលទី១ ជ្រើសរើសបុគ្គលិកចំនួន១៨០នាក់ នៅពេលសិប្បកម្មសូត្រដំណើរការទៅល្អ និងបន្តប្រមូលផ្តុំសិប្បករចាស់ៗ យកមកបម្រើការងារឡើងវិញ។

លោក ប៉ាវ អៀងឃ័ង នាយកសិប្បកម្មសូត្រអង្គតនៅសូត្រពួក បានឲ្យដឹងថា សិប្បកម្មសូត្រនេះ ត្រូវបានអាក់ខានដំណើរការក្នុងពេលពិភពលោកជួបនូវវិបត្តិជំងឺកូវីដ១៩ ហើយក្រោយពេលវិបត្តិជំងឺកូវីដ១៩ វិនាសបាត់ទៅ សិប្បកម្មសូត្រ ក៏បានរៀបចំកែលម្អឡើងវិញ ដើម្បីដាក់ឲ្យដំណើរការជាផ្លូវការឡើងវិញ ដោយបានប្រមែប្រមូលសិប្បករចាស់ៗ ដែលមានជំនាញឲ្យត្រឡប់មកធ្វើការឡើងវិញ ចំនួន១៨០នាក់ ក្រោយពួកគេមួយចំនួនធំបានចាកចោលពីអាជីពនេះ។

លោក ប៉ាវ អៀងឃ័ង បានបន្តថា វិស័យសូត្រនេះ ត្រូវបានរាជរដ្ឋាភិបាល ពង្រឹង និងអភិរក្សនូវជំនាញរបស់ដូនតា ក្នុងការផលិតសូត្រ។ ម៉្យាងទៀត ជំនាញតម្បាញ់សូត្រនេះ គឺជាមរតករបស់ដូនតាខ្មែរយើង ដែលបានបន្សល់ទុក និងបានចារឹកនៅតាមប្រាង្គប្រាសាទ ដែលជាជំនាញរបស់ដូនតាខ្មែរយើងជាច្រើនសតវត្សមកហើយផងដែរ។

លោកបានបញ្ជាក់ថា នេះជាការបង្ហាញឲ្យឃើញពីការបោះជំហានដ៏ដំបូងនៃការអភិវឌ្ឍន៍របស់សិប្បកម្មសូត្រអង្គរនៅស្រុកពួក ដើម្បីថែរក្សាកេរ្តិ៍ដំណែលវប្បធម៌ និងសិល្បៈ ផ្នែកសិប្បកម្មចម្លាក់ និងតម្បាញសូត្រ ដែលជាមរតកដូនតាដ៏មានតម្លៃ ព្រមទាំងបានចូលរួមជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ និងសិល្បៈខ្មែរ ទៅក្នុងឆាកអន្តរជាតិ តាមរយៈការនាំភ្ញៀវអន្តរជាតិមកទស្សនាសិប្បកម្មសូត្រអង្គរនៅស្រុកពួកទៀតផង៕