(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងអាកាស នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំទាំង៩ និងក្រុមលេខាធិការដ្ឋាននៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានស្រុកកំណង់លែងសរុបចំនួន១៤៧នាក់។
ក្នុងពិធីនោះ នាយឧត្តមសេនីយ៍ សឹង សំណាង ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង បានការអបអរសាទរដល់លោក លោកស្រី ដែលទទួលបានសេចក្តីទុកចិត្ត និងត្រូវបានតែងតាំងជាប្រធាន អនុប្រធាន សមាជិក និងសមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង៩ នៃស្រុកកំពង់លែង។
លោក សឹង សំណាង បានបង្ហាញជំនឿចិត្តមុតមាំថា ក្រុមការងារដែលមានសមាសភាពចូលរួមពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងរួមគ្នាជាធ្លុងមួយក្នុងការសហការសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត តាមរយៈការអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រ គោលនយោបាយ កម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងចូលរួមបំផុសចលនាឱ្យមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
នាយឧត្តមសេនីយ៍ក៏បានណែនាំប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង ៩ ត្រូវទទួលខុសត្រូវ ដឹកនាំ និងចាត់ចែងអនុវត្ដការងារចុះមូលដ្ឋានក្នុងឃុំរបស់ខ្លួន ផ្អែកតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពបំផុតតាមរយះស្រុកគ្រប់គ្រងឃុំ ឃុំគ្រប់គ្រងភូមិ ភូមិគ្រប់គ្រងប្រជាពលរដ្ឋ ជាពិសេសត្រូវសហការរៀបចំវេទិកាសាធារណៈថ្នាក់ស្រុកឱ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល។ មួយវិញ
ទៀតលេខាធិការដ្ឋានជាអ្នករៀបចំវេទិកាសាធារណ: ត្រូវក្ដាប់ឱ្យបាននូវតម្រូវការ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ តាមស្ថានភាពជាក់ស្ដែងនៅតាមមូលដ្ឋានរៀងៗខ្លួន។
លោក សឹង សំណាង បានចាត់ទុកវេទិការសាធារណ:ជារបៀបវារ:មួយដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់អនុវត្តន៍ឱ្យបានដាច់ខាត ហើយលេខាធិការដ្ឋានត្រូវធ្វើការបូកសរុបផ្ញើរបាយការណ៍បញ្ជូនតាមឋានានុក្រម។
បន្ថែមពីលើនេះ នាយឧត្តមសេនីយ៍ ក៏បានណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំនីមួយៗ ត្រូវសម្របសម្រួលដល់ដំណើរការការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមការងាររាជរដ្ឋាភិបាល និងលើកគោលការណែនាំ ដើម្បីរំលឹកក្រុមការងារចុះមូលដ្ឋានស្រុកនិងឃុំឱ្យធ្វើការបូកសរុបរបាយការណ៍បញ្ហានានាសំណូមពររបស់ប្រជាពលរដ្ឋ និងលទ្ធផលសកម្មភាពការងាររបស់ខ្លួនឱ្យបានទៀងទាត់ជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង៕