(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌកំបូល បានបើកកិច្ចប្រជុំមួយ នាវេលាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងសាលប្រជុំសាលាខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តន៍វិធានការការងារ នៅក្នុងមូលដ្ឋាន។ ក្នុងនោះ មានការបង្រ្កាបក្រុមក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាជំងឺរាត្បាត គ្រោះមហន្តរាយ ការរៀបចំសណ្ដាប់ធ្នាប់ រួមទាំងការលុបបំបាត់អំពើអនាចារ និងអំពើហិង្សា ព្រមទាំងបញ្ហាអនាម័យផងដែរ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងមានការអញ្ជើញចូលរួមដោយលោក លោកស្រីដែលជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ។ លោក-លោកស្រីចៅសង្កាត់ទាំង៧ លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៧ និងលោក លោកស្រីដែលជាមេភូមិចំនួន៩៣ភូមិផងដែរ។

នៅក្នុងឱកាសនោះ លោក ឃឹម ស៊ុនសូដា បានថ្លែងទៅកាន់អង្គពិធីកិច្ចប្រជុំទាំងមូលលើបញ្ហាដែលត្រូវអនុត្តន៍ និងពង្រឹងបន្ថែមចំនួន៧ចំណុចសំខាន់ៗ ក្នុងនោះទី១៖ បញ្ហាបង្រ្កាបក្រុមក្មេងទំនើង ដែលជាបញ្ហាក្ដៅ និងជាគោលការណ៍ដែលសម្ដេចនាយករដ្ឋមន្រ្តីបានដាក់ចេញ។

លោកបានសុំឲ្យពង្រឹង និងបង្កើនការល្បាត ហើយប្រសិនបើឃើញ មានការជួបជុំគ្នានៅតាមទីកន្លែងគួរឲ្យសង្ស័យត្រូវធ្វើការសួរនាំ ហើយបើអ្នកនោះគឺជាសិស្ស ត្រូវតែសួរឲ្យដឹងថាជាសិស្សរៀននៅសាលាណា ហើយនាំទៅកាន់សាលានោះជួបជាមួយគ្រូតែម្ដង ដើម្បីបានដឹងថាគេចសាលាឬបែបណា។

ទី២៖ បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវរួមគ្នាលុបបំបាត់ឲ្យអស់ ក្នុងនោះមានដូចជាបៀរ អាប៉ោង កន្ទុយលេខ ឡូតូ សង្វៀនជល់មាន់ ជាដើម។ ប្រសិនបើមានបង្កបល្បែង នៅក្នុងហាងកាហ្វេ ឬ តារាងបាល់ណា មួយនោះ សូមលោកមេភូមិ លោកចៅសង្កាត់ និងលោកនាយប៉ុស្តិ៍ទាំងអស់ចុះបង្រ្កាប ឬ បើគ្មានលទ្ធភាពទេសូមរាយការណ៍ មកសាលាខណ្ឌឬអធិការដ្ឋានខណ្ឌជាបន្ទាន់ ដើម្បីចុះបង្រ្កាបនិងបិទចោលតែម្ដង។

លោកអភិបាលខណ្ឌ បានបន្តទៀតថា ជាពិសេសទៀតនោះ ល្បែងកាស៊ីណូចិន ដែលភាគច្រើនមាននៅក្នុងបុរីពិភពថ្មី ហើយបើរកឃើញត្រូវហៅម្ចាស់ផ្ទះ ដែលជួលឲ្យចិននោះមកធ្វើកំណត់ហេតុបិទជាបន្ទាន់ ហើយបើរឹងទទឹងមិនព្រមបិទទេ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ទន្ទឹមនិងនេះ សូមលោកមេភូមិ លោកចៅសង្កាត់ និងលោកនាយប៉ុស្តិ៍ទាំងអស់ពង្រឹងបន្ថែមទៀត​លើអំពើចោរកម្ម លួច ឆក់ ប្លន់ ជាពិសេសគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈការល្បាត ហើយបើបង្រ្កាបបានត្រូវតែបង្រ្កាប តែបើមិនអាចបង្រ្កាបបានត្រូវរាយការណ៍ជាបន្ទាន់។

លោកអភិបាលខណ្ឌ បានបន្តទៀតថា ទី៣៖ បញ្ហាសណ្ដាប់ធ្នាប់សាធារណៈ សង្កាត់និងប៉ុស្តិ៍ត្រូវជួយមើលគ្នា ជួយរៀបចំឲ្យបានល្អ ហើយមើលការយកភាស៊ី តើត្រឹមត្រូវដែរឬទេ ហើយមិនត្រូវឲ្យមានការយក ភាស៊ីពីអ្នកលក់ដូរតាមកញ្រ្ចែងឡើយ។ ផ្ទុយទៅវិញត្រូវជួយរៀបចំទីកន្លែងសម្រាប់ជូនគាត់ដាក់លក់ឲ្យបានល្អនិងមានរបៀបរៀបរយ ហើយបញ្ហាខាងលើនេះ សង្កាត់ទាំង៧ត្រូវតែពង្រឹងជាប់ជានិច្ច។

ទី៤៖ បញ្ហាការលុបបំបាត់នៅអំពើអានាចារ និងអំពើហិង្សានានា លោកមេភូមិ និងលោកចៅសង្កាត់ក៏ដូចជានគរបាលប៉ុស្តិ៍ ត្រូវតែណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យបានយល់ដឹង ជាពិសេសកម្មករ កម្មការិនីដែលចូលមកស្នាក់នៅធ្វើការនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកអភិបាលខណ្ឌ បានថ្លែងទៀតថា ចំណុចទី៥, បញ្ហាភូមិ សង្កាត់មានសុវត្ថិភាព និងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ហើយលោកបានបញ្ជាក់ថា រយៈពេល៥ឆ្នាំ មានសំណុំរឿងត្រូវដោះស្រាយ ចំនួន៧០០ករណី ហើយរហូតមកដល់សព្វថ្ងៃនេះ សាលាខណ្ឌកំបូលបានដោះស្រាយក្រៅប្រព័ន្ធតុលាការ បានជាង៦០០ករណីហើយ នៅសល់តែ៨០ករណីទៀតប៉ុណ្ណោះកំពុងបន្តដោះស្រាយ។

ទី៦៖ បញ្ហាការប្រមូលសំរាម ដែលកាលពីមុនពុំដែលមានរថយន្តប្រមូលដល់មុខផ្ទះប្រជាពលរដ្ឋឆ្ងាយនោះទេ ប៉ុន្តែពេលនេះក្រោមការរៀបចំដោយលោកអភិបាលរាជធានីភ្នំពេញ គឺមានហើយ។ ជាងនេះទៅទៀត លោកមេភូមិ និងចៅសង្កាត់នៅកន្លែង ដែលមានមនុស្សទៅលេងច្រើន ហើយពន្យល់ឲ្យពួកគាត់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

ទី៧៖ លោកមេភូមិ លោកចៅសង្កាត់ ត្រូវតែតាមដានឲ្យជាប់ជាប្រចាំ លើបញ្ហាជំងឺរាត្បាតផ្សេងៗ ក្រែងកើតឡើងលើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ចំណែកឯរឿងមួយទៀត បញ្ហាគ្រោះមហន្តរាយផ្សេងៗ ជាពិសេសគ្រោះអគ្គិភ័យ ត្រូវតែរាយការណ៍ជាបន្ទាន់ ដើម្បីមានវិធានការទប់ទល់បានទាន់ពេលវេលា៕