(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគាជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះពិនិត្រ​​ផ្ទាល់ លើការប្រឡងវគ្គ NBC-FSI Connect ក្នុងកម្រិតខ្ពស់លើកទី ៧របស់សិក្ខាមកាមចំនួន១៥០នាក់។

វគ្គ NBC-FSI Connect ជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធ Online ផ្នែត្រួតពិនិត្យធនាគារ ដែលត្រូវបានបង្កើតឡើងក្រោម​​ការផ្តួចផ្តើមរបស់ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងកសាង សមត្ថភាពធនធាន​​មនុស្ស នៅធនាគារជាតិនៃកម្ពុជា បន្ថែមលើកម្មវិធីបណ្តុះបណ្តាលផ្ទៃ ក្នុងដែលមានស្រាប់ជាពិសេស ដើម្បីឯកទេសកម្មខាងត្រួតពិនិត្យធនាគារ និងឆ្លើយតបទៅតាមការប្រែប្រួល នៃនិម្មាបនកម្មហិរញ្ញវត្ថុ និងនិយាមអន្តរជាតិ អំពីការត្រួតពិនិត្យធនាគារ ។

វគ្គ NBC-FSI Connect នេះ តម្រូវឱ្យសិក្ខាកាមសិក្សាតាមប្រព័ន្ធ Online និងត្រូវបានបែងចែកជាបីកម្រិតគឺ កម្រិតបឋមកម្រិតមធ្យម និងកម្រិតខ្ពស់សម្រាប់ រយៈពេលសិក្សាប្រមាណជាង៣ឆ្នាំ។ នាគារជាតិនៃកម្ពុជាបានទិញសិទ្ធិសិក្សា ជូនមន្ត្រីបុគ្គលិកប្រមាណ២០០រូប និងដាក់ឱ្យដំណើរការសិក្សា និងបានរៀបចំឱ្យប្រឡងជាផ្លូវការជាបន្តបន្ទាប់ ។

ដើម្បីធានាគុណភាពសិក្សា គណៈកម្មការគ្រប់គ្រងវគ្គត្រូវ បានបង្កើតឡើងសម្រាប់គ្រប់គ្រង ការសិក្សារបស់សិក្ខាកាមវគ្គនេះ ដោយមានការគាំទ្រ និងពិនិត្រដោយផ្ទាល់របស់ថ្នាក់ដឹកនាំ។ សិក្ខាកាមទាំងអស់ត្រូវបានតម្រូវឱ្យ ប្រឡងជាផ្លូវការចំពោះមុខ គណៈកម្មការគ្រប់គ្រងវគ្គក្រោម ការត្រួតពិនិត្យដោយផ្ទាល់របស់ លោកទេសាភិបាល ជា ចាន់តូ។

គួរបញ្ជាក់ថា វគ្គនេះបានរៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិនៃធនាគារ សម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlement - BIS) ដែលមាន ស្នាក់ការកណ្តាលនៅប្រទេសស្វ៊ីស។

បច្ចុប្បន្ននេះ ធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុ សាធារណៈជាង៣០០ នៅលើពិភពលោក បានទិញសិទ្ធិសិក្សាជូនមន្ត្រីខ្លួនដើម្បីលើកកម្ពស់ គុណវុឌ្ឍិផ្នែកត្រួតពិនិត្យធនាគារ ហើយមានសិក្ខាកាមសរុបចំនួន ជាង ១០,០០០នាក់កំពុងសិក្សា៕