(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភរិយា បានប្រកាសបន្តគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្តួចផ្តើមគំនិតឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត តាមរយៈការបរិច្ចាគថវិកាម្នាក់ ១ម៉ឺនរៀលជារៀងរាល់ខែពេញមួយជីវិត (២នាក់ ២ម៉ឺនរៀលរាល់ខែ) ជូនមូលនិធិគុន្ធបុប្ផា។

លោក ឌិត ទីណា បានប្រកាសយ៉ាងដូច្នេះថា «ដើម្បីឱ្យយុទ្ធនាការដែលផ្តួចផ្តើមគំនិតឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត កាន់តែមាននិរន្តរភាព ហើយមូលនិធិគន្ធបុប្ផាកម្ពុជានៅតែអាចបន្តបេសកកម្មរបស់ខ្លួនដើម្បីកុមារកម្ពុជាបានយូរអង្វែង ខ្ញុំបាទនិងភរិយាសូមចូលរួមវិភាគទានតាមការអំពាវនាវដោយផ្ទេរប្រាក់ខែររបស់ខ្ញុំជារៀងរាល់ខែ ពីធនាគារ កាណាឌីយ៉ា ទៅមូលនិធិគុន្ធបុប្ផាតែម្តង»

សូមជម្រាបថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ដួចផ្ដើមឱ្យមានយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ក្នុងគោលបំណងរួមគ្នាជាធ្លុងមួយក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

សម្រាប់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅឆ្នាំ២០២៤ មានរយៈពេលពេញមួយខែ មិថុនាឆ្នាំ២០២៤។ យុទ្ធនាការទទួលបានលទ្ធផលជោគជ័យគួរជាទីមោទកៈ ទាំងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជន ពោលគឺមានការចូលរួមគាំទ្រពីសប្បុរសជនជាង ២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាមេរិកចំនួនជាង ៣.៣ លានដុល្លារ៕