(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលសារសំឡេងក្លែងក្លាយ ដែលប្រឌិតឡើងដោយនារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យ ឬលុយពីគណនីធនាគារក្នុងទូរស័ព្ទ។

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការអំពាវនាវដល់សាធារណៈជន កុំបន្ដចែកចាយព័ត៌មានប្រឌិត តាមរយៈសារសំឡេងរបស់នារីដែលជាជនអនាមិកម្នាក់នោះ។ ខណៈការសិក្សាលក្ខណៈបច្ចេកទេសរបស់មន្ដ្រីជំនាញ គឺមិនអាចប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យបាននោះឡើយ។

ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអនាមិកដែលប្រឌិតព័ត៌មានបំពុល នាំឲ្យប៉ះពាល់សន្ដិសុខជាតិបែបនេះ៕