(មណ្ឌលគិរី)៖ មួយថ្ងៃពីរនេះ ក្រោយពីអង្គភាពព័ត៌មាន Fresh News ចេញផ្សាយនូវព័ត៌មានស្ដីពី បទល្មើសព្រៃឈើទ្រង់ទ្រាយធំ មួយដោយមានកំណាត់ឈើ លេខ១ ជាប្រភេទឈើឡាំង និងឈើហ៊ុប មូលដែលគេលាក់ទុក ជាយូរមកហើយ នៅតាមខ្សែរបន្ទាត់ព្រំដែន ក្នុងស្រុកកោះញែក ត្រូវបានឈ្មួញ និងមន្ត្រីឃុបឃិតគ្នាប្រុងនាំចេញ ទៅប្រទេសវៀតណាមនោះ គណៈកម្មការចំរុះ របស់ខេត្តមួយក្រុម បាននាំគ្នាចុះទៅធ្វើការស្រាវជ្រាវ តាមព័ត៌មានបែកធ្លាយនោះ ឥឡូវពិតជាបានរកឃើញឈើទាំងនោះ ដូចអ្វីដែលព័ត៌មានបានផ្សព្វផ្សាយ ពិតប្រាកដមែន។
យោងតាមរបាយការណ៏ ជំហ៊ានដំបូងដែលផ្ដល់ដោយមន្ត្រី ក្នុងគណៈកម្មការចុះទៅរុករកនោះ បានអះអាងថា គណៈកម្មការបានរកឃើញកំណាត់ឈើ ជិត៣០០០ កំណាត់ដូចអ្វីដែលព័ត៌មាន បានចេញផ្សាយមែន តែវាជាប្រភេទឈើខ្លុង ត្បែង និងឈើត្រាច។ចំណែកលោកអេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស ដែលមាននាយឧត្តមសេនីយ៏សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រៃឈើវិញបានអោយដឹងថា កំណាត់ឈើដែលរកឃើញ នៅតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាម ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរីនោះ មានចំនួនសរុប ២៩៤៩ កំណាត់ ជាប្រភេទឈើលេខ១។
មន្ត្រីសមត្ថកិច្ចមួយរូប នៅក្នុងគណៈកម្មការចុះទៅរុករកឈើ ខាងលើបានអោយដឹងថា ឈើនេះជាឈើចាស់បន្សល់ទុក តាំងពីមុនគណៈកម្មការ បើកយុទ្ធនាការបង្ក្រាប និងទប់ស្កាត់មកម្ល៉េះ។កាលនោះក្រុមឈ្មួញបានកាប់ និងដឹកជញ្ជូនយកទៅទុកនៅលើ ដីវៀតណាមក្បែរព្រំដែន។
ក្រោយរដ្ឋាភិបាលប្រកាស បើកយុទ្ធនាការបង្ក្រាប ឈ្មួញ វៀតណាមផ្អាកទិញ ក្រុមឈ្មួញខ្មែរខ្លាចបាត់ឈើក៏នាំគ្នា ដឹកយកមកលាក់ទុកនៅលើដីខ្មែរវិញ តែនៅក្បែរព្រំដែនដដែល គឺនៅក្បែរចំណុចប៉ុស្ដ៏ ការពារព្រំដែនអូររ៉ូ ឃុំណង ឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
កំណាត់ឈើខាងលើគឺគេដាក់ នៅរាយប៉ាយ បច្ចុប្បន្នឈើខ្លះមានស្មៅដុះគ្របស្ទើមើល លេងឃើញទៅហើយ។ ប៉ុន្តែគណៈកម្មការ បានរកឃើញមានចំនួន ២៩៤៩ កំណាត់ នៅមិនទាន់ដឹងចំនួន ម៉ែត្រគូបច្បាស់លាស់ នៅឡើយទេដោយគណៈកម្មការ កំពុងធ្វើការវាស់វែង។
សូមបញ្ជាក់ថាការបែកធ្លាយព័ត៌មាន ខាងលើនេះគឺបន្ទាប់ពីមានឈ្មួញ និងមន្ត្រីសមត្ថកិច្ចនៅខេត្តមណ្ឌលគិរី មួយក្រុមដែលពាក់ព័ន្ធទៅនឹងបទល្មើសកំណាត់ឈើហ៊ុប ឈើ ឡាំងខាងលើនាំគ្នារត់ការណ៏ ដើម្បីនាំចេញទៅប្រទេសវៀតណាម ដោយមានឈ្មួញវៀតណាម ចូលមកចរចាទិញ តែដោយសារមានអ្នកមិនទទួលបានចំណែកក៏ទម្លាយព័ត៌មាន ខាងលើនេះមកអោយអ្នកសារព័ត៌មាន ធ្វើការផ្សព្វផ្សាយអោយបែកធ្លាយ ខានចាយទាំងអស់គ្នាតែម្ដងទៅ។ ក្នុងនោះមានមន្ត្រីពាក់ព័ន្ធខ្លះខំចេញមុខបកស្រាយថា ឈើខាងលើពិត ជាមានមែន តែមិនដល់ ៣០០០ម៉ែត្រគូប ដូចព័ត៌មានផ្សាយនោះទេ៕