(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដោយមោទនភាព និងបានប្រកាសថាកម្ពុជា គឺជាបេក្ខភាពរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ នៅទីក្រុងប្រវត្តិសាស្ត្រ នៃខេត្តសៀមរាប។
ការប្រកាសបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសយ៉ាងដូច្នេះថា៖ «ខ្ញុំមានមោទនភាព និងសូមប្រកាសថាកម្ពុជា គឺជាបេក្ខភាពរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ នៅទីក្រុងប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ព្រឹត្តិការណ៍ដ៏មាន កិត្យានុភាពនេះ នឹងបង្ហាញពីបេតិកភណ្ឌវប្បធម៌ និងការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះគុណតម្លៃនៃហ្វ្រង់កូហ្វូនី កិច្ចប្រជុំកំពូលនេះ គឺជាឱកាសមួយ ក្នុងការបង្ហាញពីសមិទ្ធផលរបស់ប្រទេសយើង»។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលធ្វើឡើងនៅលើទឹកដីអង្គរដ៏បវររបស់កម្ពុជា គឺបានលើកកម្ពស់ភាពសម្បូរបែបនេះនៃវប្បធម៌ និងភាសារបស់ជាតិ។ ជាពិសេសការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសហ្វ្រង់កូហ្វូនី ដ៏ទៃទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសម្រេចចុងក្រោយរបស់កម្ពុជានឹងត្រូវនៅខែតុលា ឆ្នាំ២០២៤ ហើយសង្ឃឹមថានឹងទទួលបាននូវលទ្ធផល តាមការរំពឹងទុកផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រធានាធិបតី បារាំង លោក ម៉ាក្រុង ដែលបានគាំទ្របេក្ខភាពកម្ពុជា ដើម្បីធ្វើជាម្ចាស់ផ្ទះហ្វ្រង់កូហ្វូនី ២០២៦ជាដើម។
គួរបញ្ជាក់ថាជាគោលការណ៍ ហ្រ្វង់កូហ្វូនីដែលជាអង្គការអន្តរជាតិនៃក្រុមប្រទេសប្រើប្រាស់ភាសាបារាំង (OIF) បានបិទការទទួលសំណើដាក់បេក្ខភាពធ្វើជាម្ចាស់ផ្ទះត្រឹមអំឡុងពេលកិច្ចប្រជុំលើកទី១២៧ នៃក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី (CPF) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ថ្មីៗនេះ។
គួររម្លឹកថា នៅក្នុងព្រះរាជទស្សនកិច្ចនៅប្រទេសបារាំងរបស់ព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានលើកទឹកចិត្តឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ហើយបានសន្យាថា បារាំងនឹងគាំទ្របេក្ខភាពកម្ពុជា៕