(ទីក្រុងញ៉ូដេលី)៖ លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសិក្ខាសាលាលើកទី១៦ និងកិច្ចប្រជុំសកលស្តីអំពីកិច្ចសហការ ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ (Meridian Conference on Critical Information Infrastructure Protection - CIIP) ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងញ៉ូដេលី សាធារណរដ្ឋឥណ្ឌា ដោយមានការអញ្ជើញចូលរួមពីរដ្ឋសមាជិក ទទួលបន្ទុកវិស័យសន្តិសុខឌីជីថល តំណាងជាន់ខ្ពស់ និងស្ថាប័នពាក់ព័ន្ធ ទូទាំងសកលលោក។

សិក្ខាសាលា និងកិច្ចប្រជុំអំពីកិច្ចសហការក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗនេះ បានផ្តោតយកចិត្តទុកដាក់លើការពិភាក្សាសំខាន់ៗមួយចំនួនមានជាអាទិ៍ យុទ្ធសាស្រ្តក្នុងការការពារលើហេដ្ឋារចនាសម្ព័ន្ធពត៍មានសំខាន់ៗ, យន្តការនៃការបង្កើនកិច្ចសហការជាដៃគូពីមជ្ឈដ្ឋាននានារួមមាន សហគមន៍ វិស័យអប់រំ និង និងវិស័យឧស្សាហកម្មន៍ និងការរក្សាភាពធន់លើការការពារហេដ្ឋារចនាសម្ព័ន្ធឌីជីថលសំខាន់ៗ៕