(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា ភាគជោគជ័យក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉ារីស កាលពីខែមករា ឆ្នាំ២០២៤កន្លងទៅ នាំឲ្យកម្ពុជាមានឱកាសក្លាយជាម្ចាស់ផ្ទះ រៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២។

ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២។ វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំឡើងក្រោមកិច្ចសហការរវាងសភា​ពាណិជ្ជកម្ម​កម្ពុជា និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC)។

វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំលើកទី១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋបារាំង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «នេះជាឱកាសដ៏វិសេសវិសាលពង្រឹងចំណងមិត្តភាព និងស្វែងរកសក្ដានុពលធំធេង សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ។ វេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី១ ត្រូវបានចាប់ផ្ដើមធ្វើនៅទីក្រុងប៉ារីស ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំ ទៅកាន់សាធារណរដ្ឋបារាំង កាលពីខែមករាកន្លងទៅ ដែលជាជំហានសំខាន់ដំបូងសម្រាប់ការរៀបចំវេទិកាធុរកិច្ចលើកទី២ នៅថ្ងៃនេះ»

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរួមគ្នារវាងសភាពាណិជ្ជ និងឧស្សាហកម្មបារាំង-កម្ពុជា និងទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់បារាំងប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការសហការរៀបចំព្រឹត្តិការណ៍ ដ៏មានកិត្យានុភាពនេះជាលើកទី២។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា និងបារាំង នឹងបន្តធ្វើវេទិកាធុរកិច្ច ដើម្បីជំរុញទំនាក់ទំនងឲ្យ​កា​ន់តែស៊ី ជម្រៅក្នុងចំណោមសហគមន៍ធុរកិច្ច និងបង្កើតកាលានុវត្តភាព ដែល​ផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សម្រាប់អ្នកជំនាន់ក្រោយៗទៀត។ សម្ដេចក៏ជឿថា ធុរជនបារាំងនឹង​អាច​មើលឃើញពី កាលានុវត្តភាពដ៏ធំទូលាយ នៅក្នុងទិដ្ឋភាពធុរកិច្ច និងការវិនិយោគ​របស់កម្ពុជា។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង បានកើន​ឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់៥១៥,២១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០​២​៣ និង២០៦,៤១លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ខែ ដំបូងនៃឆ្នាំ២០២៤៕