(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ទោះបីស្ថិតក្នុងស្ថានភាពលំបាកនៃបញ្ហារបស់ពិភពលោកយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ដោយសម្រេចបានអត្រាកំណើនប្រមាណ៥%នៅឆ្នាំ២០២៣ ជាមួយនឹងការព្យាករកំណើនសេដ្ឋកិច្ច ៦% នៅឆ្នាំ ២០២៤ ដែលធ្វើឲ្យកម្ពុជាក្លាយជាទិសដៅវិនិយោគលេចធ្លោមួយ នៅអាស៊ីអាគ្នេយ៍។
សម្តេចធិបតីមានប្រសាសន៍បែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ។
សម្តេចបានគូសបញ្ជាក់ថា នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់ជាសាកលដែលកើតចេញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសាកល ការកើនឡើងនៃភាពតានតឹងភូមិសាស្រ្តនយោបាយនិងពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ សង្រ្គាមនៅអ៊ុយក្រែន និងជម្លោះប្រដាប់អាវុធនៅមជ្ឈឹមបូព៌ា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ដោយសម្រេចបាននូវអត្រាកំណើន៥%នៅឆ្នាំ២០២៣ ជាមួយនឹងការព្យាករណ៍នូវកំណើនសេដ្ឋកិច្ច៦%នៅឆ្នាំ២០២៤។
សម្តេចមានប្រសាសន៍បន្តថា ជាមួយនឹងគន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងមានភាពធន់នេះបានជំរុញឲ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយ ក្នុងចំណោមទីផ្សារដែលរីកលូតលាស់នៅអាស៊ីអាគ្នេយ៍នៅក្នុងទស្សវត្សចុងក្រោយនេះ។
សម្តេចធិបតីបន្ថែមថា «កម្ពុជាតែងតែស្ថិតក្នុងប្រទេសអភិវឌ្ឍន៍តិចតួចដែលទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគចំនួន២៦៨ ដែលមានទំហំទឹកប្រាក់ជិត ៤,៩ ពាន់លានដុល្លារអាមេរិក ខណៈក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាសម្រេច បានសន្ទុះនៃរំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគសរុបចំនួន ១៩០ ដែលមានតម្លៃ ៣,២ ពាន់លានដុល្លារអាមេរិក កើនឡើង៣ ដង បើ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣៕