(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកកម្ពុជា បានថ្លែងថា វិនិយោគិន បរទេសអាចបង្កើតគម្រោងវិនិយោគ ជាមួយនឹងកម្មសិទ្ធិបរទេស ១០០% នៅក្នុងវិស័យភាគច្រើន ដោយមិនមានលក្ខខណ្ឌតម្រូវឱ្យមានការចូលរួមពីវិនិយោគិនក្នុងស្រុក។ ករណីលើកលែងតែមួយគត់នោះ គឺកម្មសិទ្ធិលើដីធ្លី។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។ បើតាមប្រសាសន៍សម្តេចធិបតី រាជរដ្ឋាភិបាលតែងតែប្រកាន់ខ្ជាប់នូវអភិក្រមគាំទ្រធុរកិច្ច ដោយផ្ដល់ការគាំទ្រ និងជំនួយដល់វិស័យឯកជន នៅគ្រប់ដំណាក់កាល នៃប្រតិបត្តិការអាជីវកម្ម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបាននិងកំពុងអនុវត្តច្បាប់, គោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់ទិដ្ឋភាពធុរកិច្ច និងធ្វើការវិនិយោគយ៉ាងច្រើន លើហេដ្ឋារចនាសម្ព័ន្ធគន្លឹះ, លទ្ធភាពចូលទៅក្នុងទីផ្សារតំបន់, ការងារសមរម្យ, កិច្ចគាំរពារសង្គម, ឌីជីថលូបនីយកម្ម និងចីរភាពបរិស្ថាន។
សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាស្ថិតក្នុងប្រទេសសេរីបំផុតក្នុងការវិនិយោគ។ វិនិយោគិនបរទេស អាចបង្កើនគម្រោងវិនិយោគ ជាមួយនឹងកម្មសិទ្ធិបរទេស ១០០% នៅក្នុងវិស័យភាគច្រើន ដោយមិនមានលក្ខខណ្ឌតម្រូវឱ្យមានការចូលរួមពីវិនិយោគិនក្នុងស្រុក។ ករណីលើកលែងតែមួយគត់នោះ គឺកម្មសិទ្ធិលើដីធ្លី»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ទោះបីស្ថិតក្នុងស្ថានភាពលំបាកនៃបញ្ហារបស់ពិភពលោកយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ដោយសម្រេចបានអត្រាកំណើនប្រមាណ៥% នៅឆ្នាំ២០២៣ ជាមួយនឹងការព្យាករកំណើនសេដ្ឋកិច្ច ៦% នៅឆ្នាំ ២០២៤។ គន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងមានភាពធន់នេះ បានជំរុញឱ្យកម្ពុជាក្លាយទៅជាគោលដៅវិនិយោគដ៏លេចធ្លោមួយ ក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់នៃតំបន់អាស៊ីអាគ្នេយ៍។
សម្តេចធិបតី បានថ្លែងបន្តថា ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាតែងតែស្ថិតក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួច ដែលទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ។ ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគចំនួន២៦៨ ដែលមានទំហំទឹកប្រាក់ជិត ៤,៩ ពាន់លានដុល្លារអាម៉េរិក។
ក្នុងឆមាសទី១ ឆ្នាំ២០២៤, កម្ពុជាសម្រេច បានសន្ទុះនៃរំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគសរុបចំនួន ១៩០ ដែលមានតម្លៃ ៣,២ ពាន់លានដុល្លារអាម៉េរិក កើនឡើង៣ ដង បើ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តែងគិតគូរពីសុខុមាលភាព របស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្ដាប់ ជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងឥតឈប់ឈរជាមួយវិស័យ ឯកជន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព
ដោយ ប្រកាន់ខ្ជាប់នូវគោលការណ៍ «គិតរួមគា្ន, ធ្វើសកម្មភាពរួមគ្នា និង ទទួលខុសត្រូវរួមគ្នា»។
រាជរដ្ឋាភិបាលបាន និងកំពុងបង្កើត និងអនុវត្តជាបន្តបន្ទាប់នូវយន្តការ ដែលផ្តល់មធ្យោបាយងាយស្រួលបំផុត សម្រាប់វិស័យឯកជនក្នុងការបញ្ចេញមតិ, កង្វល់, និងសំណូមពរ។ យន្តការដែលលេចធ្លោជាងគេ គឺវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញវិនិយោគិនបារាំងទាំងអស់មកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង, ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ។ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ និងផ្ដល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់វិនិយោគិន និងធុរជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសស្វាគមន៍ចំពោះការ សម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនបារាំង ដែលជ្រើសរើស និងមានបំណងមកបណ្តាក់ទុននៅកម្ពុជា ដោយផ្ទាល់ ឬចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក។
សូមជម្រាបថា កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់អ្នកវិនិយោគទាំងអស់ ដោយសមភាពរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស។ ការបើកចំហគ្រប់វិស័យដែលរួមមានទាំងវិស័យធនាគារ វិស័យធានារ៉ាប់រង និងវិស័យទូរគមនាគមន៍ ដែលជាទូទៅប្រទេសជាច្រើននៅក្នុងពិភពលោកមិនអនុញ្ញាតឱ្យវិនិយោគិនបរទេសវិនិយោគ ១០០% ដោយគ្មានការចូលរួមពីសំណាក់អ្នកវិនិយោគក្នុងស្រុកលើវិស័យទាំងនោះឡើយ។ កម្ពុជានៅមានសក្តានុពលយ៉ាងច្រើនក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ រួមមានការបន្តបង្កើនភាពស៊ីជម្រៅនៃអន្តរការី-កម្មហិរញ្ញវត្ថុ ការលើកកម្ពស់វិស័យធានារ៉ាប់រង និងការអភិវឌ្ឍទីផ្សារមូលបត្រ៕