(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានស្នើឱ្យមហាមិត្តចិនជួយជំរុញឱ្យទេសចររបស់ខ្លួន មកទស្សនាប្រទេសកម្ពុជាឱ្យកាន់តែច្រើនសំដៅ សម្រេចគោលនយោបាយ ឱ្យបានយ៉ាងតិច២លាននាក់ក្នុង១ឆ្នាំៗ ចាប់ពីឆ្នាំ២០២០ទៅ តែភាគីចិនបានឆ្លើយតបថា ខ្លួននឹងជំរុញឱ្យបាន លើសពីចំនួននេះទៅទៀត។
កិច្ចសហប្រតិការនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក ទិត ចន្ថា រដ្ឋមន្រ្តីស្ដីទី ក្រសួងទេសចរណ៍ ជាមួយប្រតិភូចិន ដឹកនាំដោយលោក LIU QINLONG អនុប្រធានក្រុមប្រឹក្សាប្រជាជនចិននៃតំបន់ស៊ីលីញ ក្នុងខេត្តយូណាន នៅថ្ងៃទី២០ ខែកញ្ញា នាទីស្ដីការ ក្រសួងទេសចរណ៍ ។
លោក LIU QINLONG បានលើកឡើងពីគោលបំណងនៃការមកទស្សនកិច្ចនៅកម្ពុជានេះ គឺដើម្បីស្វែងយល់ពីស្ថានភាព ការអភិវឌ្ឍ និងសក្ដានុពលនៃវិស័យទេសចរណ៍កម្ពុជា ដោយលោកបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានការរីកចម្រើនលើគ្រប់វិស័យ ពិសេសគឺវិស័យទេសចរណ៍នេះតែម្ដង។
អនុប្រធានក្រុមប្រឹក្សាប្រជាជនចិននៃតំបន់ ស៊ីលីញ រូបនេះ បានប្រាប់ឱ្យដឹងពីបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាលើ វីស័យទេសចរណ៍ ដែលអាចឱ្យប្រទេសទាំងពីរអាចទទួលបាន ផលប្រយោជន៍ទាំងអស់គ្នា ព្រោះប្រជាជនកម្ពុជាពោរពេញទៅដោយ ភាពរួសរាយរាក់ទាក់ ដែលនឹងធ្វើឱ្យទំនាក់ទំនងកាន់តែមានភាពល្អប្រសើរ។
ឆ្លើយតបនឹងគោលបំណងនេះ លោក ទិត ចន្ថា បានទទួលឯកភាព និងគាំទ្រយ៉ាងពេញទំហឹងលើកិច្ចសហប្រតិបត្តិការទាំងនេះព្រមទាំង បានជំរុញឱ្យតំណាងប្រជាជនចិនរូបនេះ ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនដ៏ច្រើនរបស់ចិនដើម្បីទាញ យកភ្ញៀវទេសចរចិន ឱ្យបានយ៉ាងតិច២លាននាក់ក្នុង១ឆ្នាំៗ ចាប់ពីឆ្នាំ២០២០ ឬលើសពីនេះ។
លោករដ្ឋមន្រ្តីស្ដីទី ក៏បានជម្រាបប្រាប់ភាគីចិនថា កម្ពុជាបានត្រៀមខ្លួនទទួលភ្ញៀវចិនរួចជាស្រេច ដោយបានបណ្ដុះបណ្ដាល មគ្គុទេសក៍ទេសចរណ៍និយាយភាសាចិនបានជាច្រើននាក់, រៀបចំឱ្យមានសៀវភៅសស្ដីពី China Ready សម្រាប់ទេសចរចិន, អនុញ្ញាតឱ្យមានការទូទាត់ប្រាក់យ័នរបស់ចិន, នៅតាមព្រលានយន្តហោះ និងនៅតាមតំបន់ទេសចរណ៍ផ្សេងៗ មានដាក់ស្លាកសញ្ញា សម្គាល់ ប្រាប់ទិសតំបន់ជាភាសាចិន។ លើសពីនេះ កម្ពុជាក៏មានជើងហោះហើរត្រង់ពីតំបន់ផ្សេងៗនៃប្រទេសចិនរហូតដល់ទៅ ជាង៣០ជើង ផងដែរ។
លោក LIU QINLONG បានសន្យាថា នឹងចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យបានល្អ និងជិតស្និទជាទីបំផុតពិសេសលោក នឹងជួយផ្សព្វផ្សាយជំរុញឱ្យប្រជាជនចិន ធ្វើដំណើរមកទស្សនាកម្ពុជាឱ្យបានលើសពី ២លាននាក់ទៅទៀត ព្រោះកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ពិសេសប្រទេសទាំងពីរមានជើងហោះហើរត្រង់ទៅវិញទៅមក និងមានប្រវត្តិសាស្រ្តទំនាក់ទំនង ជាមួយគ្នាដ៏យូរលង់ ផងដែរ។
សូមជម្រាបថា នៅឆ្នាំ២០១៥ កម្ពុជាបានទទួលភ្ញៀវទេសចរចិនចំនួន ៧០ម៉ឺននាក់ ដែលមិនរាប់ទាំងភ្ញៀវហុងកុង ម៉ាកាវ និងតៃវ៉ាន់។ ឆមាសទី១ ឆ្នាំ២០១៦ មានចំនួន៣៨០,០០០នាក់ ហើយកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរចិន ប្រមាណ៩០ម៉ឺននាក់ ក្នុងឆ្នាំ២០១៦នេះ៕