(ភ្នំពេញ)៖ យុវជន និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក នង គន្ធាវី ប្រធានក្រុមការងារទទួលបន្ទុករដ្ឋផេនស៊ីវេនញ៉ា និងរដ្ឋញូវជេស៊ី ព្រមជាមួយសហការី នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក បានធ្វើការជួបជុំគ្មានាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ ប្រារព្ធពិធីខួបលើកទី៧៣ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (១៩៥១-២០២៤) នៅទីក្រុងហ្វីឡាដ៉ាព្យា។

ថ្លែងនៅក្នុងកម្មវិធីជួបជុំនោះដែរ លោក នង គន្ធាវី ប្រធានក្រុមការងារទទួលបន្ទុករដ្ឋផេនស៊ីវេនញ៉ា និងរដ្ឋញូវជេស៊ី បានលើកឡើងថា ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួ

យប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។

លោក នង កន្ធាវី បានលើកឡើងទៀតថា គណបក្សដែលបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកក៏បានលើកឡើងថា ក្នុងរយៈពេលជាង៤០ឆ្នាំក្នុងការដឹកនាំរាជរដ្ឋាភិបាល ក្រោយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មកនេះគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន។ តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។

សូមបញ្ជាក់ដែរថា នៅក្នុងកម្មវិធីជួបជុំនោះ យុវជន និងសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា បានប្រកាសប្តូរផ្តាច់ដង្ហែរ និងស្មោះស្ម័គ្រជាមួយ គណបក្សប្រជាជនកម្ពុជា ជារៀងរហូតផងដែរ ហើយមួយវិញទៀតបងប្អូនក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងព្រែកជីកហ្វូណនតេជោផងដែរ៕