(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជាសហការជាមួយអាជ្ញាធរជាតិអប្សរា បានប្រារព្ធ យុទ្ធនាការដាំដើមឈើចំនួន១,០០០ដើម អបអរសាទររុក្ខទិវាជាតិ ៩កក្កដា ២០២៤ ក្រោមប្រធានបទ «ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចីរភាព» នៅតាមបណ្ដោយវិថីព្រះនរោត្តមសីហមុនី ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

យុទ្ធនាការដាំដើមឈើនេះធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា លោក យូ ឡាណា អគ្គលេខាធិការរងកាកបាទក្រហមកម្ពុជា លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប លោក ឡុង កុសល អគ្គនាយករង តំណាងលោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងវត្តមានប្រធាន ឬតំណាងអង្គភាពមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា និងសមាជិក សមាជិកានៃគណៈកម្មាធិការកាកបាទក្រហមកម្ពុជា មកពីសាខាខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារផងដែរ។

លោក ឡុង កុសល បានលើកថា អាជ្ញាធរជាតិអប្សរា មានសេចក្តីសោនមស្សរីករាយក្នុងការផ្តល់នូវកិច្ចសហការ និងការរៀបចំទីតាំង ព្រមទាំងកូនឈើក្នុងព្រឹត្តិការណ៍នេះ។ ព្រៃឈើ និងធម្មជាតិនៅជុំវិញគឺជាផ្នែកមួយដែលពុំអាចកាត់ផ្តាច់បានពីប្រាសាទ ដូចនេះ ការការពារ ការថែរក្សា និងការបង្កើនឡើងវិញនូវព្រៃឈើគឺជាអទិភាពមួយក្នុងចំណោមអទិភាពជាច្រើន។ ជាក់ស្តែង តាំងពីឆ្នាំ២០០៤មក ដល់បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា បានដាំកូនឈើឡើងវិញបានចំនួនប្រមាណ២លានដើមរួចមកហើយ។ ទន្ទឹមនេះក៏មានការចែកជូនកូនឈើ ដោយមិនគិតថ្លៃ ទៅដល់ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅយកទៅដាំដុះបន្ត ក្នុងន័យដើម្បីពង្រីកនូវគម្របព្រៃឈើបន្ថែមក្នុងទូទាំងប្រទេសកម្ពុជា។

លោក ពិត ចំណាន បានលើកឡើងថា យុទ្ធនាការដាំកូនឈើ១,០០០ដើម អបអរសាទរខួបលើកទី៧២ រុក្ខទិវា៩កក្កដា ២០២៤ ក្រោមប្រធានបទ «ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចីរភាព» បានសបញ្ជាក់ពីសេចក្តីស្រឡាញ់ ឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមថែរក្សាបរិស្ថាន ព្រៃឈើឱ្យបានគង់វង្ស ដើម្បីសុខុមាលភាពរបស់មនុស្សជាតិ។

លោកបានបន្តថា យុទ្ធនាការនេះ មិនមែនជាលើកទីមួយឡើយ កន្លងមកកាកបាទក្រហមកម្ពុជា បានដាំដើមឈើជាបន្តបន្ទាប់ ក្នុងនោះឧទ្យានសហសវត្សរ៍របស់កាកបាទក្រហមកម្ពុជា មានដើមឈើតូចធំជាច្រើន បានក្លាយជាគម្របធម្មជាតិ និងជាផ្នែកមួយក្នុងការការពារបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធចំពោះកិច្ចការសម្របសម្រួលផ្តល់ទីតាំង ក៏ដូចជាកូនឈើសម្រាប់ដាំ នៅក្នុងយុទ្ធនាការដាំកូនឡើងវិញ អបអរសាទរខួបលើកទី៧២ រុក្ខទិវា៩កក្កដា ឆ្នាំ២០២៤៕