Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លាឈប់ពីសន្តិសុខភ្លាម បែកគំនិតឆក់ទូរស័ព្ទ IPhone មិនបានសម្រេច ត្រូវនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួន

20-09-2016 12:00

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ទើបតែសុំគេលាឈប់ ពីក្រុមហ៊ុនសន្តិសុខមួយកន្លែង ហើយបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ដោយថ្មើរជើង ស្រាប់តែឃើញស្ត្រីរងគ្រោះឈរម្នាក់ឯង កាន់ទូរស័ព្ទ iPhone លេង ក៏បែកគំនិតឆក់ តែមិនបានសម្រេច ហើយត្រូវសមត្ថកិច្ចប៉ុស្ដិ៍ ជ្រោយចង្វារ សហការជាមួយកម្លាំងខណ្ឌ មកអន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗ  ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅត្រង់ចំណុចជួរមាត់ទន្លេ ក្បែររង្វង់មូលនាងប្រាជ្ញបារមី ស្ថិតក្នុងក្រុម៤ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា មុនកើតហេតុស្ត្រីរង គ្រោះបានកាន់ ទូរស័ព្ទដៃ១គ្រឿងម៉ាក iPhone-៤ ពណ៍ស ដោយដើរមកឈរលេងនៅជួរមាត់ទន្លេ ដែលជាចំណុចកើតហេតុ ខណៈនោះស្រាប់តែលិចមុខ ជនសង្ស័យបានដើរមក ឈរក្បែរហើយក៍ធ្វើសកម្មភាព ឆក់យកទូរស័ព្ទពីជនរងគ្រោះតែមិនបានសម្រេចឡើយដោយជនរងគ្រោះជាស្ត្រី បានដឹងខ្លួនមុននិងក្ដាប់ទូរស័ព្ទណែននិងដៃ។

លោកបន្តថា បន្ទាប់ពីជនសង្ស័យធ្វើ សកម្មភាពឆក់ទូរស័ព្ទមិនបានសម្រេច ហើយបម្រុងរត់គេចខ្លួន ត្រូវជនរងគ្រោះស្រែកថា ចោរៗ ផ្អើឆោឡោទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មកជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បានភ្លាមៗ ដើម្បីយកមកសួរនាំ។

លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនសួរ នាំជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបាន ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពី ជនរងគ្រោះពិតប្រាកដមែន និងទើបតែសុំក្រុមហ៊ុនលាឈប់ ពីការងារសន្តិសុខថែមទៀតផង។ ជនសង្ស័យ ត្រូវឃាត់ខ្លួនឈ្មោះ ហាប់ សុគ្រី ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងក្រុម៦ ភូមិ១ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រីឯជនរងគ្រោះឈ្មោះ ហោរ ធានី ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវIU ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបន្តឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំនុំរឿងចាត់ការតាមនិតិវិធី ៕