(កណ្តាល)៖ លោកបណ្ឌិត គុណ ញឹម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយ ខេត្តកណ្ដាល និងលោកស្រី ប៉ាន់ ត្រាប្រណី គុណ ញឹម ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំពិធីដាំកូនឈើក្នុងឱកាសអបអរសាទរខួបលើកទី៧២ នៃបុណ្យរុក្ខទិវា (៩ កក្កដា ១៩៥២ - ៩ កក្កដា ២០២៤) ដែលបានរៀបចំឡើងនៅសាលាបឋមសិក្សាបន្ទាយដែក ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។

ពិធីនេះមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក-ឃុំ, ក្រុមប្រឹក្សាស្រុក, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, មេឃុំ, នាយក-នាយករងសាលា, លោកគ្រូ-អ្នកគ្រូ, សមាជិកសកម្មសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកណ្តាល, យុវជន ស.ស.យ.ក និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណជាង ៧០០ នាក់។

នាឱកាសនោះដែរ បណ្ឌិត បានពាំនាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនដល់អង្គពិធី ជាពិសេសក្មួយៗ សមាជិកសកម្មសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកណ្តាល ព្រមទាំងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងជំរុញចលនា ការងារបរិស្ថាន អនាម័យ និងការដាំកូនឈើនាពេលកន្លងទៅ ព្រមទាំងបានគូសបញ្ជាក់ថាការដាំដើមឈើនាឱកាសនេះ ជាការអនុវត្តស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពជា ដែលតែងតែជំរុញការអភិវឌ្ឍតំបន់បៃតង នៅតាមបណ្តាខេត្ត ក្រុង-ស្រុកនីមួយៗ និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើក្រោមពាក្យស្លោក «ដាំដើមឈើផ្តើម ចេញពីអ្នក» និង «ទេសចរម្នាក់ ដើមឈើមួយដើម»

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ លោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ រួចមក, លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា ការដាំដើមឈើនៅពេលនេះ មិនត្រឹមតែជាការបណ្ដុះស្មារតីស្រឡាញ់ធម្មជាតិ កសាងបរិស្ថានបៃតងស្រស់បំព្រង និងត្រជាក់ត្រជុំប៉ុណ្ណោះទេ តែជាការចូលរួមចំណែកក្នុងចលនាសកលសំដៅកាត់បន្ថយការកើនកំដៅផែនដី និងការប្រែប្រួលធាតុអាកាស។

លោកបណ្ឌិត បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៨ នៃស្រុកកៀនស្វាយ ត្រូវបន្តសហការជាមួយរដ្ឋបាលស្រុក និងចលនាមហាជនគ្រប់ផ្នែក ជាពិសេសក្នុងចំណោមយុវជន រួមមានសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកណ្តាល, យុវជន ស.ស.យ.ក, យុវជនកាកបាទក្រហមកម្ពុជា ជាដើម ដើម្បីបន្តចលនាដាំដើមឈើ ឬចលនាបៃតងនេះ ឱ្យបានផុលផុសនៅតាមសាលារៀន វត្តអារ៉ាម ទីសាធារណៈនានា នៅក្នុងស្រុកកៀនស្វាយ ហើយត្រូវមើលថែទាំកូនឈើដែលបានដាំរួចហើយនោះឱ្យបានលូតលាស់ល្អផងដែរ។

ក្នុងឱកាសនោះ លោកបណ្ឌិត គុណ ញឹម, លោកស្រី ប៉ាន់ ត្រាប្រណី, ក្រុមប្រឹក្សាស្រុក, ក្មួយៗសមាជិកសកម្មសមាគមកាយឫទ្ធិនារីកម្ពុជា បានរួមគ្នាដាំកូនឈើមួយចំនួនដោយផ្ទាល់ជានិម្មិតរូប និងបានចែកជូនកូនឈើចំនួន ១,៥០០ដើម ដល់រដ្ឋបាលស្រុកកៀនស្វាយ និងសមាគមកាយឫទ្ធិនារីកម្ពុជាស្រុកកៀនស្វាយ ដើម្បីបែងចែកបន្តទៅដាំតាមឃុំទាំង៨ ក្នុងស្រុកកៀនស្វាយ រួមមាននៅទីតាំងវត្តអារាម សាលារៀន មណ្ឌលសុខភាព និងទីសាធារណៈផ្សេងទៀតផងដែរ។

ទន្ទឹមនេះ លោកស្រី ប៉ាន់ ត្រាប្រណី ក៏បានបន្តដឹកនាំកម្លាំងយុវជន, សមាជិកាសកម្មសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកណ្ដាល និងសមាជិក/សមាជិកាគាំទ្រសមាគមកាយឫទ្ធិនារីកម្ពុជា ចុះដាំកូនឈើនៅវិទ្យាល័យ អនុវិទ្យាល័យ និងសាលាបឋមសិក្សាចំនួន៥ទីតាំង នៅក្នុងមូលដ្ឋានស្រុកកៀនស្វាយ។

គួររំលឹកផងដែរថា បុណ្យរុក្ខទិវា ត្រូវបានផ្តួចផ្តើមក្រោមព្រះរាជបូជនីយកិច្ច និងដឹកនាំដោយ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈតាំងពីឆ្នាំ១៩៥២៕