(ព្រៃវែង)៖ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា និងមហាឧបាសកពុទ្ធសាស្ត្រនូបត្ថម្ភក៍ អៀង សុធារ៉ា ដែលជាអាជីវករតាមបែបព្រះពុទ្ធសាសនា និងជាពាណិជ្ជករ ល្បីឈ្មោះមួយរូបនៅកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមលែងកូនត្រី និងមេពូជត្រីជាង១ ម៉ឺនក្បាល នៅក្នុងប្រឡាយរមណីយដ្ឋានភូមិសុខា រាវី ស្ថិតនៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ពិធីលែងកូនត្រីនេះមានការចូលរួមពីលោកបណ្ឌិត ម៉ី កល្យាណ ឯកទេស​សេដ្ឋកិច្ច ជាទី​ប្រឹក្សា​ជាន់​ខ្ពស់ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា មន្ត្រីជលផលខេត្តព្រៃវែង ព្រមទាំងព្រះសង្ឃ អាជ្ញាធរ បងប្អូនប្រជាពលរដ្ឋជាច្រើនអ្នកផងដែរ។

ឧបាសកអៀង សុធារ៉ា បានថ្លែងបញ្ជាក់ថា ថ្ងៃនេះរមណីយដ្ឋានភូមិសុខា រាវី មានពិធីលែងត្រីដើម្បីអបអរសាទរ និងចូលរួមក្នុងការថែរក្សាមច្ឆាជាតិ ដែលមានការចូលរួម ពីគ្រូ និងសិក្ខាកាមនៃសាលាអាជីវកម្ម សម្មាមគ្គគ្រប់ជំនាន់ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

លោកបានបន្តថា៖ «រមណីយដ្ឋានភូមិសុខារាវី មានផ្ទៃដីប្រមាណ ៧៥ហិកតា ដែលពីមុនមកតំបន់នេះពុំមានការអភិវឌ្ឍន៍អ្វីទេ ជាតំបន់វាលស្រូវប្រាំង ខែវស្សាលិចទឹក។ ដូច្នេះរូបលោក និងភរិយាបានមកអភិវឌ្ឍន៍នូវតំបន់នេះ ហើយដាក់ជាសំណួរថា យើងអាចធ្វើអ្វីបានសម្រាប់មនុស្សនឹងធម្មជាតិ សត្វនៅទីនេះ? បន្ទាប់មកលោកក៏បានទិញដីនៅទីនេះ ព្រមទាំងបានជីកប្រឡាយប្រវែង ៥គីឡូម៉ែត្រ មានទាំងស្រះទៀតផង ដូច្នេះហើយបានជាថ្ងៃនេះ ធ្វើពិធីលែងត្រីដើម្បីអបអរសាទរ និងចូលរួមក្នុងការថែរក្សាមច្ឆាជាតិ ដែលប្រឡាយក្នុងរមណីយដ្ឋានភូមិសុខា រ៉ាវីនេះ ក៏បានមានផ្លូវទឹកហូរចេញធ្លាក់ទៅប្រឡាយមេធំ របស់រដ្ឋផងដែរ ហើយនៅរដូវប្រាំងត្រីក៏បានចូលមកប្រឡាយក្នុងរមណីយដ្ឋានភូមិសុខា រាវីផងដែរ»

លោកឧបាលសក អៀង សុធារ៉ា បានបញ្ជាក់ថា ការប្រលែងត្រីនៅរមណីយដ្ឋានភូមិសុខា រាវីនេះ បានចំនួន២លើកមកហើយ ក្នុងនោះក៏មានការលែងត្រីជាហូរហែដែរ ប៉ុន្តែ មិនជាទ្រង់ទ្រាយធំដូចពេលនេះទេ។ ជាមួយគ្នានេះក៏មានការប្រលែងសត្វមាន់និងសត្វគោ ដែលបងប្អូនប្រជាពលរដ្ឋបានទិញពីនាក់យកទៅធ្វើម្ហូប ហើយយកមកលែងនៅរមណីយដ្ឋាននេះ ដោយសព្វថ្ងៃសត្វគោមានចំនួន ១៦ក្បាល អាចម៌គោយកធ្វើជី ហើយក៏បានដាំដើមឈើបានចំនួនជាង១០ម៉ឺនដើម នៅរស់ប្រហែល ៨មុឺនដើម ដែលសុទ្ធសឹងជាឈើប្រណិត រួមមាន៖ បេង នាងនួន ក្រញូងជាដើម ដើម្បីជាទីជម្រករបស់បក្សាបក្សីដោយព្រលប់ឡើងមានសត្វស្លាបជាច្រើនហើរមកទុំរកទីជម្រក ដើម្បីដេកពួន ហើយវេលាទៀបភ្លឺសត្វទាំងនេះក៏បានហើរចាកចេញទៅរកចំណី ដូច្នេះនៅទីនេះទាំងមនុស្ស សត្វក៏សប្បាយរីករាយផងដែរ ដោយមានអ្វីៗជាធម្មជាតិស្រស់បំព្រង។

លោកឧបាសក អៀង សុធារ៉ា បានបន្តថា រមណីយដ្ឋានភូមិសុខា រ៉ាវី បានដំណើរការជាង៣ ឆ្នាំមកហើយ គោលបំណងធំនៅការបង្កើតឡើងរមណីយដ្ឋានភូមិសុខា រាវី មានពីរចំណុចសំខាន់ៗ ដោយទី១៖ ជារមណីយដ្ឋាន ទី២៖ ជាសាលារៀន ដែលយើងមានកម្មវិធីជាច្រើន បានបង្រៀនទៅដល់ក្រុមគ្រូពេទ្យដែលមកពីតាមបណ្ដាខេត្តនានា ហើយក៏ជាទីកន្លែងបានបង្រៀនដល់កសិករមកពីទីជិត ឆ្ងាយ ជាពិសេសកសិករនៅក្នុងមូលដ្ឋាននេះ ក៏បានមកសិក្សារៀនសូត្រអំពីបច្ចេកទេសកសិកម្មដើម្បី ធ្វើយ៉ាងណាឱ្យបានទិន្នផលច្រើននិងចំណេញប្រាក់ច្រើនផងដែរ។

លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី បានថ្លែងអំណរគុណដល់ឧបាសក អៀង សុធារ៉ា ដែលបានផ្ដល់ឱកាសឱ្យរូបលោក និងក្រុមការងារចុះមកដល់រមណីយដ្ឋាន ភូមិសុខារាវី ដើម្បីធ្វើពិធីព្រលែងត្រីនៅពេលនេះ ដែលធ្វើឱ្យលោកបានស្គាល់អំពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់របស់ប្រជាជនខ្មែរផងដែរ។

សូមបញ្ជាក់ថា សត្វត្រីនិងមាន់ សត្វគោ ស្ថិតនៅក្នុងរមណីយដ្ឋានភូមិសុខា រាវីត្រូវបានអភិរក្ស និងការពារមិនឱ្យធ្វើការនេសាទ និងសម្លាប់យកធ្វើម្ហូបនោះទេ៕