(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ឬស្សីកែវ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ បានបន្តធ្វើវេទិកាសាធារណៈ នៅក្នុងក្រុមទី៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដើម្បីទទួលយកសំណូមពរមួយចំនួន និងការរិះរកដំណោះស្រាយ និងស្ដីពីភូមិ-សង្កាត់មានសុវត្ថិភាព សម្រាប់បញ្ហាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្រោយពីមានការជំរុញជាបន្តបន្ទាប់ តាមរយៈការដឹកនាំប្រជុំផ្សេងៗ ពិសេសកិច្ចប្រជុំក្រុមប្រឹក្សា និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌ។

វេទិកាសាធារណៈរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ឬស្សីកែវនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី តូច គឹមសុង នាយប៉ុស្តិ៍ តំណាងចៅសង្កាត់ និងអភិបាលខណ្ឌ និងមានការចូលរួមផងដែរ ពីក្រុមប្រឹក្សាសង្កាត់, មន្ត្រីសាលាសង្កាត់, នគរបាលមណ្ឌល, មេភូមិ, ប្រធានក្រុម, ⁠មេ៥០ខ្នង ⁠និងប្រជាការពារសង្កាត់ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ទៀត។

ក្នុងវេទិកាសាធារណៈនេះដែរ និងបន្ទាប់ពីទទួលបានសំណូមពរមួយចំនួន ពីប្រជាពលរដ្ឋ ដូចជាការចាក់ធុងបាស់រំខាន, អ្នកជួលផ្ទះស្នើសុំធ្វើសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ, ការស្នើសុំកែតម្រូវសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណ ជាមួយបញ្ហាកកស្ទះប្រព័ន្ធលូនៅពេលភ្លៀងធ្លាក់ម្ដងៗ។

លោកវរសេនីយ៍ត្រី តូច គឹមសុង ក៏បានធ្វើការពន្យល់បកស្រាយយ៉ាងក្បោះក្បាយអំពីនីតិវិធីតាមផ្លូវច្បាប់ និងលើកឡើងផងដែរ សូមឲ្យមានការចូលរួមទាំងអស់គ្នា ស្ដីពីភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ដើម្បីស្នើសុំផ្ដល់កិច្ចសហការ និងរាយការណ៍ក្នុងការបង្កាទប់ស្កាត់រាល់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ពិសេសផលប៉ះពាល់នៃគ្រឿងញៀន ក្មេងទំនើង និងអត្រាគ្រោះថ្នាក់ចរាចរណ៍ជាដើម។

លើសពីនេះ លោកវរសេនីយ៍ត្រី តូច គឹមសុង ក៏បានលើកឡើង អំពីការបន្ដយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀត ដើម្បីទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ក្នុងការរក្សាការពារឲ្យបានល្អនូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលសំដៅដល់ការចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា សម្រាប់លក្ខណៈសម្បត្តិរបស់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច» របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖

*១៖ ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
*២៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
*៣៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
*៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
*៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព
*៦៖ មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ
*៧៖ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕