(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង ៤០១ម៉ែត្រ ទទឹង ៩ម៉ែត្រ និងសមិទ្ធផលនានា ស្ថិតក្នុងភូមិសាស្ត្រ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ថាគម្រោងសាងសង់ផ្លូវឡើងទៅកាន់ច្រកអានសេះនេះ គឺជាផ្នែកមួយនៃការគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់ការទី១ នីតិកាលទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំរដ្ឋ និងការចូលរួមគោរពច្បាប់របស់ប្រជាពលរដ្ឋ ដែលធានាបាននូវ ស្ថិរភាព នយោបាយ និងសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យ មានការរីកចម្រើន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ កងវិស្វកម្មបញ្ជាការដ្ឋានកងទ័ពជើងគោក កងវិស្វកម្មកងពលធំអន្តរាគមន៍លេខ៣ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងរដ្ឋបាលខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះនៅលើទឹកដីខេត្តព្រះវិហារ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងរម្លឹកពីព្រឹត្តិការណ៍កាលពី៤៧ឆ្នាំមុន (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៤) នៃដំណើរឆ្ពោះទៅរំដោះប្រជាជនកម្ពុជារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចេញពីរបបប្រល័យពូសាសន៍ ប៉ុល ពត ដោយនាំមកនូវការរស់ឡើងវិញ ស្វែងរកបានសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់សព្វថ្ងៃនេះ។

នាយឧត្ដមសេនីយ៍ បានគូសបញ្ជាក់ទៀតថា សមិទ្ធផលដែលសម្ដេច ហ៊ុន សែន បានកសាងហេដ្ឋារចនាសម្ព័ន្ធច្រើនណាស់ទាំងសម្រាប់ជាប្រយោជន៍ប្រជាជន និងកងទ័ពក្នុងនោះក៏មានការបោះបង្គោលព្រំដែន កសាងផ្លូវតាមក្រវ៉ាត់ព្រំដែន ដែលធ្វើឱ្យតំបន់ព្រំដែនក្លាយទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់មានជាអាទិ៍៖

*ខិតខំការពារបូរណភាពទឹកដី
*ចូលរួមថែរក្សាសមិទ្ធផលរបស់រាជរដ្ឋាភិបាលចាស់-ថ្មី
*យកចិត្តទុកដាក់អនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការថែរក្សាព្រៃឈើ សត្វព្រៃ និងទប់ស្កាត់ការទន្ទ្រានដីព្រៃ
*ត្រូវអប់រំណែនាំពីការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក
*ទាំងប្រជាពលរដ្ឋ ទាំងកងកម្លាំងប្រដាប់អាវុធត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព យកចិត្តទុកដាក់លើការងារសន្តិសុខ លប់បំបាត់គ្រឿងញៀន ល្បែងសុីសង និងក្រុមក្មេងទំនើង។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងកងកម្លាំងទាំងអស់ចូលរួមអបអរសាទរពិធីបើកកាដ្ឋានសាងសង់ព្រែកជីកហ្វូណននៅវេលាម៉ោង៩:០៩នាទីព្រឹក នាថ្ងៃទី៥ ខែសីហា ២០២៤ខាងមុខនេះ។

ក្នុងពិធីនេះដែរ នាយឧត្តមសេនីយ៍ បានពាំនាំយកនូវថវិកាជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋចូលរួមកម្មវិធីចំនួន២០០នាក់ក្នុង១នាក់ ៥០,០០០៛ និងគ្រឿងឧបភោគបរិភោគ អង្ករ ទឹកត្រី ទឹកសុីអុី ត្រីខ មី ទឹកបរិសុទ្ធ ព្រមទាំងកងកម្លាំង និងគ្រួសារអតីតយុទ្ធជនចំនួន៣០២នាក់ ក្នុង១នាក់១០០,០០០៛ និងឧបត្ថម្ភថវិកាដល់១៨អង្គភាព នៅភូមិសាស្ត្រខេត្តព្រះវិហារ សរុបថវិកា ១១២,៤០០,០០០រៀល៕