(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ (RDB) និងធនគារស្រូវ របស់លោកឧកញ៉ា ភូ ពុយ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមជួយទិញអង្ករ របស់កសិករខ្មែរ ទោះ១បាវក្តី ២បាវក្តី ឬច្រើនជាងនេះក្តី ដើម្បីជួយគាំទ្រកសិផលខ្មែរ និងកសិករដែលកំពុងជួប ការលំបាក ពាក់ព័ន្ធតម្លៃស្រូវធ្លាក់ចុះ។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី២០ ខែកញ្ញានេះថា ការអំពាវនាវនេះដើម្បី បំផុសចលនាជាតិនិយម ខ្មែរជួយខ្មែរ និងលើកកម្ពស់តម្លៃកសិផលរបស់ខ្មែរយើង ហើយលោកសង្ឃឹមនិងជឿជាក់ថា ខ្មែរគ្រប់រូបនឹងជួយ ទិញអង្ករសុទ្ធ របស់ធនាគារស្រូវ ឬនិយាយម្យ៉ាងទៀតថា នឹងជួយទិញស្រូវរបស់ប្រជាកសិករខ្មែរ។
លោកបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ បានសហការជាមួយធនាគារស្រូវ រួចហើយនៅពេលឆាប់ៗខាងមុខនេះ នឹងបង្កើតឲ្យជាស្តង់ លក់អង្ករមួយកន្លែង នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសំខាន់ៗមួយចំនួនទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូន ប្រជាពលរដ្ឋ ឲ្យជួយទិញ និងគាំទ្រក្រអូបរបស់ខ្មែរសុទ្ធ១០០ភាគរយ ដោយមិនមានលាយអង្ករប្រទេសជិតខាងនោះឡើយ។
លោកបញ្ជាក់ថា ចំពោះតម្លៃនៃការលក់អង្ករវិញ ប្រហែលជាជាង ៣០ដុល្លារក្នុង១បាវ (៥០គីឡូក្រាម) ដែលអង្ករទាំងនោះធានាថាសុទ្ធល្អ កែច្នៃចេញពីស្រូវសែនក្រអូប របស់កសិករដែលកំពុងជួបការលំបាកបច្ចុប្បន្ននេះ។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបំណងចង់ចូលរួមទិញអង្ករ ដើម្បីជួយលើកកំពស់តំលៃស្រូវខ្មែរ ក៏ដូចជាជួយដល់កសិករខ្មែរ សូមទំនាក់ទំនងមកកាន់ ធនាគារស្រូវ ទូរស័ព្ទលេខ៖ 017 888 001 - 078 777 669។
លើសពីនោះទៀត បងប្អូនប្រជាពលរដ្ឋអាចបញ្ជាទិញអង្ករ និងអាចស្តុកទុក នៅធនាគារស្រូវរហូតដល់ពេលណាបងប្អូនត្រូវការ ទើបយកក៏បានដែរ។ សូមអរគុណចំពោះការចូលរួមរបស់បងប្អូនជួយលើកកំពស់តំលៃស្រូវខ្មែរ៕