(កំពង់ធំ)៖ សមត្ថកិច្ច ស្រុងស្ទោង បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ ថា អត្តសញ្ញាណរបស់ជនរងគ្រោះ ត្រូវបានស្គាល់ឈ្មោះ និងទីលំនៅ ទាំងអស់ហើយ ដែលហេតុការណ៍នេះ មានជនរងគ្រោះ៣នាក់ស្លាប់ និងរបួសធ្ងន់៤នាក់ ដែលជនរងគ្រោះស្លាប់នោះ​ គឺជាកម្មករធ្វើការនៅក្រុមហ៊ុនឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា LBN។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ​ បង្កឡើងដោយរថយន្ដ Rev4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AF-2184 ដោយជនរងគ្រោះក្នុងនោះរួមមាន ទី១-​ឈ្មោះ សួង ហ៊ុយ អាយុ៣៧ឆ្នាំ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់) ទី២-ឈ្មោះ វិន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់) ទី៣-ឈ្មោះ ទុល ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅខេត្តពោធិ៍សាត់ (ស្លាប់) មុខរបរកម្មករក្រុមហ៊ុន LBN និងទី៤-ឈ្មោះ ចេ រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ របួសធ្ងន់បាក់ដៃឆ្វេង រស់នៅខេត្តកំពង់ចាម មុខរបរកម្មករក្រុមហ៊ុនLBN។

បច្ចុប្បន្នសាកសព ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដទាំង២ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមច្បាប់។

សូមជំរាបថា នៅយប់មិញនេះ មន្រ្តីនគរបាលស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា រថយន្ត២គ្រឿងបុកគ្នា ស្ថិតនៅតាមផ្លូវជាតិលេខ៦ ស្រុកស្ទោង បណ្តាលឲ្យរថយន្តមួយគ្រឿងផ្ទុះឆេះនោះ បានធ្វើឲ្យមនុស្ស៣នាក់ ស្លាប់យ៉ាងអាណោចអាធ័ម និង៤នាក់ទៀតរងរបួសធ្ងន់។

មន្រ្តីនគរបាលបានបញ្ជាក់ថា រថយន្តមួយគ្រឿងម៉ាកទេសចរណ៍ធន់តូច និងមួយគ្រឿងទៀតម៉ាកសាំងយ៉ុងដឹកបន្លែ។

មុនពេលកើតហេតុរថយន្តសាំងយ៉ុងដឹកបន្លែ ធ្វើដំណើរទិសដៅចេញពីកំពង់ធំទៅសៀមរាប លុះដល់ចំណុចឃុំទ្រា ស្រាប់តែទៅបុកជាមួយរថយន្តប្រភេទទេសចរណ៍ធុនតូច បណ្តាលឲ្យផ្ទុះឆេះ ហើយបណ្តាលឲ្យជនរងគ្រោះ៣នាក់ត្រូវឆេះស្លាប់ក្នុងរថយន្ត ខណ:ម្នាក់ទៀតរងរបួសធ្ងន់។ ដោយឡែកអ្នកជិះរថយន្តសាំងយ៉ុងដឹកបន្លែ ៣នាក់ក៏រងរបួសធ្ងន់ផងដែរ៕