(ព្រះវិហារ)៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីប្រកាសទទួលស្គាល់សមាសភាព អនុសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ប្រចាំវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកស្រី សុខា គងពិសី ប្រធាន កិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់លោកស្រី ជាអនុប្រធានកិត្តិយស ប្រធាន អនុប្រធាន និងសមាជិក សមាគមនារីខេត្ត និងអនុសាខាសមាគមនារី ប្រចាំវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ ជាច្រើនរូប។

នៅក្នុងឱកាសនោះ លោកស្រី សុខា គងពិសី បានថ្លែងផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកា ដែលបានចូលរួមនាថ្ងៃនេះ។ លោកស្រីបានលើកឡើងថា ឆ្លងកាត់តាមការស្តាប់នូវរបាយការណ៍ ដែលប្រធានសាខាសមាគមនារីខេត្តបានលើកឡើង ឃើញថាទាំងសាខា និងអនុសាខា សមាគមនារីតាំងពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋាន បានចូលរួមសកម្មភាពជាច្រើនក្នុងការជួយដល់ស្ត្រី ទាំងវិស័យនយោបាយ និងវិស័យសាធារណៈ បានខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្តចូលរួមសកម្មភាពសង្គម និងការងារមនុស្សធម៌។

លោកស្រីគូសបញ្ជាក់ថា សមាគមនារីរបស់យើង គឺបានមកពីការចូលរួមដោយការស្ម័គ្រចិត្ត មានការលះបង់ក្នុង ការអនុវត្តរាល់សកម្មភាព ដែលជួយទៅដល់ស្ត្រី និងក្មេងស្រីដែលមានជីវភាពខ្វះខាតទីទ័លក្រ ស្រី្តមេម៉ាយ និងជនចាស់ជរាគ្មានទីពឹង។

លោកស្រីបានបន្តថា គោលដៅរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍគឺកាត់បន្ថយភាពងាយរងគ្រោះរបស់ស្ត្រី និងកុមារ ដើម្បីលើកកម្ពស់ស្ថានភាពឱ្យបានកាន់តែប្រសើរឡើង។

ជាមួយគ្នានេះដែរ លោកស្រី សុខា គងពិសី ក៏បានផ្តាំផ្ញើជូនដល់បងប្អូនស្ត្រីទាំងអស់ និងបងប្អូនស្ត្រីនៅអនុសាខា សមាគមនារីប្រចាំវិទ្យាល័យ ដែលទទួលបានសេចក្តីសម្រេចថ្មីនេះ ត្រូវចូលរួមអនុវត្តឱ្យបាននូវទិសដៅការងារជាប្រចាំរបស់សាខា និងអនុសាខាសមាគមនារី ចេះសាមគ្គីភាពគ្នារក្សាផ្ទៃក្នុងឱ្យបានល្អ ត្រូវចេះបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវ។

បន្តខិតខំប្រឹងប្រែងពង្រឹង និងបង្កើនប្រសិទ្ធភាពដឹកនាំ កិច្ចសហការល្អជាមួយស្ថាប័នគ្រប់លំដាប់ថ្នាក់។ ត្រូវស្មោះត្រង់ និងរក្សាទំនាក់ទំនងជិតស្និតជាមួយប្រជា ពលរដ្ឋតាមរយៈការចុះមូលដ្ឋានជាប់ជាប្រចាំជួបប្រជុំជាមួយបងប្អូននារី ដើម្បីអប់រំ ផ្សព្វផ្សាយពង្រឹងសតិអារម្មណ៍ក្ដាប់ឱ្យបានជាប់នូវតម្រូវការរបស់ប្រជាពលរដ្ឋ និងរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា នូវតម្រូវការចាំបាច់របស់ពួកគាត់។ ពង្រឹងសីលធម៌រស់នៅ ស្អាតស្អំ រក្សាប្រពៃណីល្អ និងសេចក្តីថ្លៃថ្នូររបស់ជាតិយើង ជាពិសេសតម្លៃស្ត្រី និងការថែរក្សាការពារកិត្តិយសស្ត្រីឱ្យបានស៊ីជម្រៅទៅតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលស្គាល់ថា ស្ត្រី គឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិរបស់យើងទាំងអស់គ្នា៕