(អូស្រ្តាលី)៖ រដូវកាលដាំដុះជាប់ៗគ្នានៃផ្លែ Starwberry នៅប្រទេសអូស្រ្តាលី បានធ្វើឲ្យតម្លៃរបស់ ផ្លែឈើនេះ មានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងកម្រិតមួយ ដែលគួរឲ្យអស់សំណើច ដោយផ្លែ Stawberry មួយកន្ត្រកមានតម្លៃត្រឹម ៨០សេនអូស្រ្តាលី (៦០សេនអាមេរិក) តែប៉ុណ្ណោះនៅទូទាំងប្រទេស អូស្រ្តាលី។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៦។

បណ្តាផ្សារទំនើបនានា ត្រូវបានគេស្តីបន្ទោសថា បានធ្វើឲ្យចាល់ទីផ្សារផ្លែ Starwberry ហើយប្រការនេះ គឺបណ្តាលមកពីការផ្គត់ផ្គង់ដ៏លើសលុប ដែលបង្កឡើងដោយរដូវកាលដាំដុះផ្លែ Strawberry ដែលមានរយៈពេលវែងជាងធម្មតា នៅក្នុងរដ្ឋ Queensland ហើយនឹងរដូវកាលដាំដុះថ្មី ដែលចាប់ផ្តើមរហ័សជាងការរំពឹងទុក នៅរដ្ឋភាគខាងលិចប្រទេសអូស្រ្តាលី។

អគ្គនាយកក្រុមហ៊ុន Strawberry Australia លោក Sam Violi បានឲ្យដឹងថា រដូវកាលថ្មីមួយទៀត នៃការដាំដុះផ្លែ Strawberry ក៏នឹងមកដល់នៅខែក្រោយនេះផងដែរ ហើយការធ្លាក់ចុះ នៃតម្លៃផ្លែឈើនេះ គឺជារឿងអកុសលមួយ ដោយសារតែប្រទេសអូស្រា្តលី មានអាកាសធាតុខុសប្លែកគ្នាតាមតំបន់ជាច្រើន ដែលសក្តិសមក្នុងការដាំដុះផ្លែ Strawberry ហើយតម្លៃដែលធ្លាក់ចុះ ខុសពីប្រក្រតីនេះ គឺមិនមែន បណ្តាលមកពីគុណភាពផ្លែ Strawberry នោះឡើយ ខណៈលោកបានជំរុញអ្នក ដែលចូលចិត្តពិសារ ផ្លែឈើទាំងឡាយ ឲ្យជួយទិញផ្លែ Strawberrry នៅទាន់ពេលពួកវាមានតម្លៃថោក៕