(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហោះសារអបអរសាទរ ខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ - ៧ កក្កដា ២០២៤)។

ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា។

ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ​ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ​ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ។ ប្រាសាទនេះ បានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក​ ខេត្តព្រះវិហារ​ ភាគខាងជើងនៃប្រទេសកម្ពុជា ​ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ «សិខរិស្វរ និងភទ្រស្វរ» ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបសព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ​ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ មានដូចជា៖
១. ព្រះបាទជ័យវរ្ម័នទី២ (គ.ស. ៨០២ - ៨៥០)
២. ព្រះបាទយសោវរ្ម័នទី១​ (ឝ.ស. ៨៨៩ - ៩០០)
៣. ព្រះបាទសូរ្យវរ្ម័នទី១ (ឝ.ស. ១០១០ - ១០៥០)
៤. ព្រះបាទឧទយាទិត្យវរ្ម័នទី២ (ឝ.ស.១០៥០ - ១០៦៦)
៥. ព្រះបាទហស៌វរ្ម័នទី៣ (ឝ.ស. ១០៦៦ - ១០៧៩)
៦. ព្រះបាទជ័យវរ្ម័នទី៦​ (ឝ.ស. ១០៨០ - ១១០៦)
៧. ព្រះបាទធរណីន្ទ្រវរ្ម័នទី១ (ឝ.ស. ១១០៧ -​ ១១១២)
៨. ព្រះបាទសូរ្យវរ័្មនទី២​ (ឝ.ស. ១១១៣-១១៥០)

«កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»