(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋអ្នកដំឡើង-ប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (ប្រព័ន្ធសូឡា) លើដំបូលផ្ទះ ដែលភ្ជាប់ជាមួយបណ្ដាញអគ្គិសនីជាតិ សូមកុំរួសរាន់មកធ្វើស្វ័យប្រកាសឱ្យបានទាន់ពេលក្នុងឆ្នាំដំបូងនេះ ដើម្បីទទួលបានភាពស្របច្បាប់ ដោយស្វ័យប្រវត្តិ និងមិនតម្រូវឱ្យបង់ថ្លៃអ្វីទាំងអស់។

ការអំពាវនាវនេះ ធ្វើឡើងក្នុងសន្និសីទបំភ្លឺជុំវិញការតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាត មកដាក់ពាក្យស្វ័យប្រកាស នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរអគ្គិសនីកម្ពុជា។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា អាជ្ញាអគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីឱ្យអ្នកប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ មកធ្វើស្វ័យប្រកាស នៅអាជ្ញាអគ្គិសនីកម្ពុជា ដើម្បីដឹងពីចំនួនអ្នកប្រើប្រាស់ ពីទីតាំងដែលដាក់ឱ្យប្រើប្រាស់ ហើយងាយស្រួលក្នុងការគ្រប់គ្រងថាមពលជាបណ្ដាញ និងគ្រប់គ្រងសុវត្ថិភាពនៅពេលចាំបាច់។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានបន្តថា មកដល់ពេលនេះ មានអ្នកធ្វើស្វ័យប្រកាសត្រឹមតែ៩៤នាក់/អង្គភាពនោះទេ ខណៈចំនួនទីតាំងប្រើប្រាស់គឺនៅមានច្រើនទៀតណាស់។ អ្នកធ្វើស្វ័យប្រកាសត្រឹមតែ៩៤នាក់/អង្គភាពនោះ ទទួលបានការអនុញ្ញាតក្លាយជាអ្នកប្រើប្រាស់ផ្ទាំងសូឡាដោយស្របច្បាប់។ ចំពោះអ្នកមិនទាន់មកធ្វើស្វ័យប្រកាស និងដែលមិនទាន់ទទួលបានការអនុញ្ញាត នឹងប្រឈមនឹងផ្នែកច្បាប់នានា។

លោក យឹម វិសិដ្ឋ បានបន្តទៀតថា ដោយមើលឃើញពីចំនួនតិចតួចនេះហើយ ទើបអាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងជាលើកទី២ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីរំឭកចំពោះអ្នកប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យរួសរាន់មកធ្វើស្វ័យប្រកាស។ ដូច្នេះចំពោះអ្នកដែលធ្វើស្វ័យប្រកាសអំឡុងពេលនេះ នឹងទទួលបានការអនុញ្ញាតដោយស្របច្បាប់ជាស្វ័យប្រវត្តិ។

ការប្រើប្រាស់ដែលទាមទារឱ្យអ្នកប្រើប្រាស់មកធ្វើស្វ័យប្រកាស គឺសម្រាប់ប្រព័ន្ធទាំងឡាយណាដែលត្រូវបានដំឡើង ហើយភ្ជាប់ជាមួយបណ្ដាញផ្គត់ផ្គង់ និងភ្ជាប់មកបណ្ដាញថាមពលអគ្គិសនីរបស់ជាតិ។ លោកថា ទីតាំងប្រជាពលរដ្ឋដែលប្រើប្រាស់ពន្លឺព្រះអាទិត្យប្រមាណ ៩៥ភាគរយ មិនជាប់កាតព្វកិច្ចត្រង់បង់ប្រាក់ ក្នុងការធ្វើស្វ័យប្រកាសនេះឡើយ។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាថ្លែងថា «ប្រសិនបើអ្នកប្រើប្រាស់មិនមកធ្វើស្វ័យប្រកាស ឱ្យបានទាន់ពេលក្នុងឆ្នាំដំបូងនេះទេ នៅឆ្នាំបន្ទាប់ៗនឹងមានការកំណត់ចំនួនកូតា ក្នុងការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដូច្នេះអ្នកដែលធ្វើស្វ័យប្រកាសបាននៅឆ្នាំនេះ នឹងទទួលបានភាពស្របច្បាប់ដោយស្វ័យប្រវត្តិ និងមិនតម្រូវឱ្យបង់ថ្លៃអ្វីទាំងអស់»។

លោក យឹម វិសិដ្ឋ បានឱ្យដឹងដែរថា អ្នកដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដាច់ដោយឡែក សម្រាប់តែប្រើប្រាស់ក្នុងផ្ទះ ឬប្រើប្រាស់សម្រាប់ឆ្នាំងដាំបាយ អំពូលបំភ្លឺក្នុងផ្ទះ ឬតាមផ្លូវ តាមរបង កង្ហារ ម៉ាស៊ីបូមទឹក ដែលដាច់ដោយឡែក ពោល គឺក្រោមកម្លាំងថាមពល១០គីឡូវ៉ាត់ ឬ៥០អំពែ មិនតម្រូវឱ្យធ្វើស្វ័យប្រកាសឡើយ។

លោក ទី ណារិន រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ប្រព័ន្ធពន្លឺព្រះអាទិត្យនេះ កាលណាភ្ជាប់ជាមួយប្រព័ន្ធបណ្ដាញជាតិ គឺត្រូវតែមានការគ្រប់គ្រងឱ្យបានច្បាស់ ពីព្រោះថាមពលដែលបានពីពន្លឺព្រះអាទិត្យមិននៅនឹងននោះទេ ពោលគឺតែងមានការប្រែប្រួលខ្លាំងខ្សោយ ទៅតាមកម្ដៅព្រះអាទិត្យ និងធាតុអាកាស ដូច្នេះហើយទើបអាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវវិនិយោគទៅលើបរិក្ខារ ដើម្បីបន្សាបភាពរំញ័រដែលកើតពីការឡើងចុះនៃថាមពលអគ្គិសនីនៃពន្លឺព្រះអាទិត្យ។ ម្យ៉ាងទៀត ពន្លឺព្រះអាទិត្យមានតែពេលថ្ងៃ ដូច្នេះអាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវវិនិយោគ ដើម្បីរៀបចំឱ្យមានអាគុយសម្រាប់ស្ទុកថាមពលអគ្គិសនី ពីពន្លឺព្រះអាទិត្យនៅពេលថ្ងៃ សម្រាប់ប្រើប្រាស់បាននៅពេលយប់។ មួយវិញទៀត ចំពោះបញ្ហាសុវត្ថិភាព ប្រសិនបើការដំឡើងពន្លឺព្រះអាទិត្យភ្ជាប់ជាមួយខ្សែបណ្ដាញជាតិ មិនមានការគ្រប់គ្រងច្បាស់លាស់ទេ នៅពេលមានការជួសជុលអ្វីមួយ ឬពេលណាមួយនោះ នឹងអាចបង្កគ្រោះថ្នាក់ដល់មនុស្ស ពិសេសគឺជាជាងជួសជុលខ្សែអគ្គិសនី ដូច្នេះត្រូវតែតម្រូវឱ្យអ្នកប្រើប្រាស់ផ្ទាំងពន្លឺអាទិត្យត្រូវតែមកធ្វើស្វ័យប្រកាស។

ប្រធានអាជ្ញាធរអគ្គិសនីបានបន្តទៀតថា ចំពោះអ្នកដែលចង់ធ្វើស្វ័យប្រកាស គឺគ្រាន់តែអញ្ជើញទៅកាន់ទីតាំងសាខាអគ្គិសនីកម្ពុជា ឬមូលដ្ឋានរបស់សេវាករអគ្គិសនីឯកជនណាមួយ ដែលនៅជិតបំផុត ឬក៏អញ្ជើញមកស្នាក់ការអាជ្ញាធរអគ្គិសនីកម្ពុជាក៏បាន ដោយការបំពេញបែបបទទាំងនោះមិនតម្រូវឱ្យបង់ថ្លៃអ្វីឡើយ។

ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល និងប្រធានអាជ្ញាធរអគ្គិសនី បានបញ្ជាក់ថា អំឡុងពេលនេះ ក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនីកម្ពុជា កំពុងរៀបចំជាបទបញ្ញត្តិ ចំពោះការប្រើប្រាស់ពន្លឺព្រះអាទិត្យ រួមទាំងការបង់ថ្លៃជាដើម ពោលគឺសម្រាប់តែអ្នកប្រើប្រាស់ សម្រាប់អាជីវកម្មនៅតាមរោងចក្រ សហគ្រាស ឬមូលដ្ឋានអាជីវកម្មនានា ដែលមានកម្លាំងថាមពលលើសពី ១០គីឡូវ៉ាត់ ឬលើសពី៥០អំពែឡើងទៅ៕