(ភ្នំពេញ)៖ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង និងអ្នកចូលរួមសរុបចំនួន៦២រូប នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា)។

ក្នុងកិច្ចប្រជុំនាថ្ងៃនេះ លោកប្រធានបានបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកទី៤ហើយ ដែលគណៈកម្មាធិការគណបក្សក្រសួង បានរៀបចំកិច្ចប្រជុំ និងពិធីសំណេះសំណាលនាពេលកន្លងមក។ ជាមួយគ្នានេះដែរ លោកបានគូសបញ្ជាក់បន្ថែមថា កិច្ចប្រជុំនេះ បានរៀបចំឡើង ក្នុងគោលបំណងពីរ៖

ទី១-តាមដានវឌ្ឍនភាពការងាររបស់គណៈកម្មាធិការគណបក្សក្រសួង ដែលសម្រេចបានក្នុងរយៈពេល១០ ខែ នាពេលកន្លងមកម

ទី២-បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សក្រសួង និងសមាជិកគណៈកម្មាធិការគណបក្សក្រសួងបន្ថែម (ជាលើកទី២) ស្របតាមស្មារតីនៃសេចក្ដីណែនាំរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ស្ដីពីរចនាសម្ព័ន្ធ សមាសភាព និងបរិមាណសមាជិកគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារនាពេលកន្លងមក លោកប្រធាន បានថ្លែងនូវអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងសមាជិកបក្សគ្រប់លំដាប់ថ្នាក់ និង គ្រប់ផ្នែក ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ចរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលគួរជាទីកកត់សម្គាល់។

ជាមួយគ្នានេះដែរ លោកប្រធានបានវាយតម្លៃលទ្ធផលបោះឆ្នោតបំពេញបន្ថែមបានប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ ត្រឹមត្រូវ ទទួលយកបាន និងឈរលើគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំងអបអរសាទរ ចំពោះបេក្ខជន ដែលបានឈ្នះឆ្នោតជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សក្រសួង ចំនួន ៤រូប បន្ថែមថ្មី និងសមាជិកគណៈកម្មាធិការគណបក្សក្រសួងចំនួន១២រូបបន្ថែមថ្មី។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធានបានជម្រាបជូនអង្គប្រជុំឱ្យយកចិត្តទុកដាក់លើចំណុចមួយចំនួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ៖

១-ត្រូវពង្រឹងការយកចិត្តទុកដាក់លើសតិអារម្មណ៍សមាជិកបក្សជាប់ជាប្រចាំ (បណ្ដុះស្មារតីស្នេហាជាតិ និងគាំទ្រគណបក្សឥតងាករេ)។

២-ត្រូវពង្រឹងការយកចិត្តទុកដាក់លើកិច្ចការងារចាត់តាំង និងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រុមការងារ និងគណៈកម្មាធិការគណបក្សមូលដ្ឋាន សាខាបក្ស ចំណុះគណៈកម្មាធិការគណបក្សក្រសួង នៅពេលមានការកែសម្រួលរចនាសម្ព័ន្ធក្រសួងថ្មី។

៣-បន្តលើកកម្ពស់សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។

៤-រៀបចំផែនការបណ្ដុះបណ្ដាលសមត្ថភាពសមាជិក សមាជិកាគណបក្ស ទាំងក្នុងគណៈកម្មាធិការគណបក្សក្រសួង និងថ្នាក់មូលដ្ឋាន និងជំរុញការបញ្ជូនមន្ត្រីគណបក្សឱ្យចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងស្របតាមការងារអាទិភាពទី២របស់ក្រសួង គឺការពង្រឹងមូលធនមនុស្ស។

៥-ត្រូវពង្រឹងរបៀបរបបការងារ៖ មានផែនការសកម្មភាពច្បាស់លាស់, ចាត់តាំងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានរបបតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប់ជាប្រចាំ។

៦-ថ្នាក់ដឹកនាំដែលជាប់កាតព្វកិច្ចបង់វិភាគទាន ៥% ជូនគណបក្ស ត្រូវបង់ឱ្យបានទៀងទាត់ទៅគណៈកម្មាធិការកណ្ដាលគណបក្ស និងបង់វិភាគទានក្នុងគណៈកម្មាធិការគណបក្សក្រសួង។

៧-ត្រូវជំរុញ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតដល់សមាជិកគណបក្សឱ្យប្រើប្រាស់ កម្មវិធី CoolApp ដែលជាស្នាដៃរបស់កូនខ្មែរ និងស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា។

៨-នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នាឱកាសប្រកាសបើកការដ្ឋានព្រែកជីកហ្វូណនតេជោ៖ ក្រសួង នឹងរៀបចំឱ្យមានពិធីទូងស្គរដើម្បីអបអរសាទរ និងបង្ហាញស្មារតីសាមគ្គី និងគាំទ្រ ជាមួយរាជរដ្ឋាភិបាល។ ដូច្នេះត្រូវជំរុញសមាជិកបក្ស សមាជិកាបក្សទាំងអស់នៅក្នុងមូលដ្ឋានបក្សរបស់ខ្លួន ចូលរួមឱ្យបានច្រើនកុះករ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

លោកប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបក្សយើងទាំងអស់ ដែលបានចំណាយកម្លាំងកាយចិត្ត និងថវិកា ព្រមទាំងខិតខំព្យាយាមបំពេញតួនាទី ភារកិច្ចដែលគណបក្ស និងរាជរដ្ឋាភិបាលប្រគល់ជូន៕