(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានចេញសារលិខិតរំលែកមរណទុក្ខចំពោះមរណភាពលោកសន្តិបណ្ឌិត អ៊ុក គឹមលេខ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពនារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ក្នុងជន្មាយុ៧៧ឆ្នាំ។

ក្នុងលិខិតមរណទុក្ខនេះមានសេចក្ដីថា ក្នុងនាមគណបក្សប្រជាជនកម្ពុជាទាំងមូល គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមសម្ដែងនូវទុក្ខក្រៀមក្រំប្រកបដោយក្តីក្តុកក្តួលបំផុតដោយលោកសន្តិបណ្ឌិត អ៊ុក គឹមលេខ បានទទួលមរណភាព កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២៖១៩នាទី ក្នុងជន្មាយុ៧៧ឆ្នាំ ដោយជរាពាធ។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមសម្ដែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ហើយសូមកត់ត្រាទុកនូវរាល់ស្នាដៃ និងគុណបំណាច់របស់លោកសន្តិបណ្ឌិត អ៊ុក គឹមលេខ ដែលជាឥស្សរជនមួយរូបធ្លាប់បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបម្រើដល់ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីសោកសង្រេងបំផុត ជាមួយក្រុមគ្រួសារនៃសពលោកសន្តិបណ្ឌិត អ៊ុក គឹមលេខ ហើយសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភពកុំបីខានឡើយ៕