(បាត់ដំបង)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហកាជាមួយក្រុមប្រឹក្សា ត្រួតពិនិត្យគ្រឿងញៀនថៃ បានរៀបចំសិក្ខាសាលាស្តីពី «លើកកម្ពស់ប្រសិទ្ធភាពការងារ អប់រំបង្កា ការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន» នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោមវត្តមាន ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ហឿង សុគន្ធ អភិបាលរង និងជាប្រធានលេខាធិការគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង។
ក្នុងនោះក៏មានការចូលរួម តំណាងក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរប្រឆាំងគ្រឿងញៀន គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ មន្រ្តីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលជាដៃគូពាក់ពន្ធ័ សរុប៥១នាក់។
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបញ្ជាក់ថា សិក្ខាសាលានៅថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាព ប្រសិទ្ធភាព ការងារផ្សព្វផ្សាយអប់រំ ការងារព្យាបាល និងស្តារនីតិសម្បទា អ្នកគ្រឿងញៀន ធ្វើឲ្យមានតុល្យភាពរវាងការងារអនុវត្តច្បាប់ និងការងារព្យាបាលអ្នកញៀនគ្រឿងញៀន ដើម្បីចូលរួមចំណែកដល់ការងារ កសាងភូមិសរ គ្មានគ្រឿងញៀន នៅតាមព្រំដែនកម្ពុជា-ថៃ៕