(កំពង់ធំ)៖ លោកស្រី ហ៊ាង ដារ័ត្ន ជាភរិយាលោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ អមដំណើរដោយលោកស្រី លឹម ស្រីណិត សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រៃគុយ បាននាំយកសម្ភារៈសិក្សាចែកជូនកុមារសិស្សសាលាខ្វះខាតចំនួន១០៣នាក់ និងលោកគ្រូអ្នកគ្រូចំនួន១៦នាក់ នៅសាលាបឋមសិក្សា អនុវិទ្យាល័យព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។

លោកស្រី ហ៊ាង ដារ័ត្ន បានលើកឡើងថា ការផ្តល់សម្ភារៈសិក្សាដល់សិស្សនាពេលនេះ គឺជាការចែករំលែកក្តីស្រឡាញ់ក្នុងឱកាសថ្ងៃខួបកំណើតកូនស្រី សួស សែនមូនិក ដើម្បីចូលរួមចំណែកដោះស្រាយការលំបាករបស់សិស្សានុសិស្ស ដែលមិនមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់សម្រាប់ការសិក្សាទាំងនៅសាលា និងនៅផ្ទះ ព្រមទាំងជំរុញឱ្យកុមារចូលរួមគ្រប់សកម្មភាពរបស់សាលារៀន ហើយវាជាផ្នែកជួយកាត់បន្ថយអត្រាបោះបង់ការសិក្សា។

ជាមួយគ្នានេះ លោកស្រីអំពាវនាវសូមឱ្យមាតាបិតាយកចិត្តទុកដាក់ និងជំរុញលើការសិក្សាឱ្យបានមករៀនទៀតទាត់ ជាពិសេសត្រូវចេះជួយថែរក្សាសុខសន្តិភាពដើម្បីប្រទេសជាតិមានការអភិវឌ្ឍ។

ក្រុមការងារឃុំព្រៃគុយ លោកគ្រូ អ្នកគ្រូ បានថ្លែងអំណរគុណដល់លោកស្រី ហ៊ាង ដារ័ត្ន សួស យ៉ារ៉ា ដែលបានចែករំលែកនូវក្តីស្រឡាញ់ ដល់កុមារា កុមារី រៀនថ្នាក់បឋមសិក្សានៅអនុវិទ្យាល័យព្រៃគុយ ក្នុងឱកាសថ្ងៃខួបកំណើតក្មួយស្រី សួស សែនមូនិក៕