(សៀមរាប)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងលោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប៉ុស្តិ៍នគរបាលរដ្ឋបាលរោងគោ នៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ បន្តយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្ន ទប់ស្កាត់បញ្ហាក្មេងទំនើង ដែលបង្កអសន្តិសុខតាមផ្លូវសាធារណៈ ទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀន បង្រ្កាបល្បែងស៊ីសង ឆ្នោតផ្សងសំណាងខុសច្បាប់ ដើម្បីបង្ការក៏ដូចជាកាត់បន្ថយបទល្មើសនៅក្នុងមូលដ្ឋាន ក្នុងគោលដៅរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ, រក្សាសាមគ្គីភាពផ្ទៃក្នុង ពិសេសរក្សាឲ្យបាននូវតម្លៃរបស់កងកម្លាំងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានឧបត្ថម្ភថវិការ ដើម្បីចូលរួមចំណែកក្នុងការកសាង ប៉ុស្តិ៍នគរបាលរដ្ឋបាលនេះផងដែរ៕