(ព្រះវិហារ)៖ លោក អ៊ុំ សុភឿន អភិបាលស្តីទីស្រុកឆែប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងក្រុមយុវជនសហភាពសព័ន្ធយុវជនកម្ពុជាឃុំ និងអាជ្ញាធរមូលដ្ឋាន ចុះជួយស្ទូងស្រូវប្រជាពលរដ្ឋក្រីក្រ១គ្រួសារដែលជាស្ត្រីមេម៉ាយ រស់នៅភូមិសង្កែ ឃុំសង្កែ១ ស្រុកឆែប ខេត្តព្រះវិហារ។

លោក អ៊ុំ សុភឿន បានថ្លែងប្រាប់គ្រួសារស្ត្រីមេម៉ាយដែលមានជីវភាពខ្វះខាតខាងលើ ពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាលលោកអភិបាលខេត្ត តែងគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ និយាយដោយឡែកបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្ត្រីមេម៉ាយ ក្មេងកំព្រា ក៏ដូចជាប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។

លោកអភិបាលស្រុកស្តីទីថ្លែងបញ្ជាក់ទៀតថា ជាក់ស្តែងដោយដោយមើលឃើញពីការលំបាករបស់ក្រុមគ្រួសារខាងលើដែលជាស្ត្រីមេម៉ាយ ដែលកំពុងខ្វះខាតកម្លាំងពលកម្ម ក៏ដូចជាខ្វះខាតថវិកាក្នុងការជួលកម្លាំងពលកម្ម មកជួយស្ទូងស្រូវខណៈរដូវវស្សាចូលមកដល់នោះ ក៏ដូចជាអនុវត្តតាមការណែនាំពីលោក គីម រឹទ្ធី អភិបាលខេត្តព្រះវិហារ ថ្ងៃនេះលោកបានដឹកនាំមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងក្រុមយុវជនសហភាពសហព័ន្ធយវជនកម្ពុជាឃុំ សរុបចំនួន៣២នាក់ ចុះជួយស្ទូងស្រូវប្រជាពលរដ្ឋក្រីក្រដែលជាស្ត្រីមេម៉ាយខាងលើនេះ រហូតរួចរាល់និងបានហូបបាយកញ្ចប់ជុំគ្នានៅវាលស្រែដោយក្តីសប្បាយរីករាយ។

អាជ្ញាធរភូមិសង្កែ ឃុំសង្កែ១ ស្រុកឆែប ខេត្តព្រះវិហារ តំណាងគ្រួសារស្ត្រីមេម៉ាយក្រីក្រខាងលើ បានសំដែងនូវការអរគុណដល់លោក អ៊ុំ សុភឿន អភិបាលស្រុកស្តីទីស្រុកឆែប ដែលបានដឹកនាំក្រុមការងារចុះជួយស្ទូវស្រូវ ដល់គ្រួសារស្ត្រីមេម៉ាយខាងលើ ជំនួសមុខឱ្យក្រុមគ្រួសារខាងលើ សូមជូនពរលោកអភិបាលស្រុកស្តីទី និងក្រុមការងារមានសុខភាពល្អ និងទទួលជោគជ័យគ្រប់ភារកិច្ច៕