(ភ្នំពេញ)៖ លោកស្រី កាមិកាវ៉ា យ៉ូកុ (KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុន បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា គឺជាតួអង្គដ៏សំខាន់មួយរូប ដែលបានជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនកាន់តែល្អប្រសើរ។
លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន បានគូសរំលេចបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះលោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្ដែងក្តីរីករាយ និងចាត់ទុកឱកាសបានជួបសម្តេចតេជោ ជាកិត្តិយសដ៏ធំធេងចំពោះលោកស្រី។
លោកស្រីបានរំលឹកថា លោកស្រីធ្លាប់បានជួបសម្ដេចតេជោម្ដងកាលពីឆ្នាំ២០០៥។
លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន បានកោតសរសើរសម្ដេចតេជោដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ជាពិសេសចំពោះស្នាដៃដ៏ធំធេងរបស់សម្ដេចក្នុងការដំឡើងកម្រិតទទំនាក់ទំនងប្រទេសទាំងពីរដល់កម្រិតខ្ពស់។
លោកស្រី មានមោទនភាពជាខ្លាំងចំពោះទំនាក់ទំនងទ្វេភាគីយ៉ាងស្អិតល្មួតរវាងកម្ពុជានិងជប៉ុនលើគ្រប់វិស័យ។ លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន ជម្រាបជូនសម្តេចតេជោ អំពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការបស់លោកស្រីជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការថ្មីរវាងកម្ពុជា និងជប៉ុន និងប្រធានបទបច្ចុប្បន្នភាពតំបន់ និងសកល។
លោកស្រី បានបញ្ជាក់ពីបំណងចង់ឱ្យកម្ពុជា បន្តនិរន្តរភាពនៃការរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់៣ រួមមាន ទី១) វិស័យហេដ្ឋារចនាសម្ព័ន្ធទឹក ដូចជាទឹកស្អាត ប្រព័ន្ធចម្រោះទឹកកខ្វក់, ទី២) វិស័យឌីជីថលដែលវិវត្តឥតឈប់ ដូចជា ប្រព័ន្ធ5G សន្តិសុខអ៊ីនធឺណិត (cyber security)…។ល។, ទី៣) ការតភ្ជាប់សមុទ្រ ដូចជាកិច្ចសហប្រតិបត្តិការផែសមុទ្រ។
លោកស្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យសេដ្ឋកិច្ច និងបង្ហាញពីបំណងចង់ផ្សព្វផ្សាយពីសក្កានុពលសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីអាចទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុនបន្ថែមទៀតមកកម្ពុជា។
លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានលើកឡើងផងដែរពីការយកចិត្តទុកដាក់របស់ជប៉ុនលើវិស័យបោសសំអាតមីន។ លោកស្រី បានបង្ហាញបំណងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដែលនឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា នៅថ្ងៃ២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសៀមរាប។
លោកស្រីក៏បានជម្រាបសម្ដេចតេជោថា ជប៉ុនគ្រោងនឹងរៀបចំសន្និសីទអន្តរជាតិស្តីពីសកម្មភាពមីននៅអ៊ុយក្រែន នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០២៥ និងបានស្នើសុំការគាំទ្រពីកម្ពុជា។ ទាក់ទងបញ្ហាតំបន់ លោកស្រីបានកោតសរសើរកម្ពុជា និងសម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងរកដំណោះស្រាយសន្តិភាពនៅមីយ៉ាន់ម៉ា នាពេលកន្លងមក និងបានបញ្ជាក់ថា ជប៉ុនយកចិត្តទុកដាក់លើការឯកភាពរបស់អាស៊ាន និងបន្តគាំទ្រអាស៊ានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PCs) ឱ្យមានប្រសិទ្ធភាព។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍រីករាយបានលោកស្រីរដ្ឋមន្ត្រីជាថ្មីម្តងទៀត បន្ទាប់ពីជំនួបកាលពី២០ឆ្នាំមុន។ សម្តេចតេជោ ក៏បានបង្ហាញក្តីរីករាយដែលលោកស្រីរដ្ឋមន្ត្រី អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យសមិទ្ធផលនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ចាប់តាំងពីជប៉ុនបានចូលរួមក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជាមក។
សម្តេចតេជោ បានលើកឡើងថា ប្រទេសជប៉ុនបានផ្តល់ជំនួយយ៉ាងច្រើន សម្រាប់ការលូតលាស់របស់កម្ពុជា នៅលើច្រើនវិស័យ ចាប់តាំងពីការជួយទៅលើផ្នែកទឹកស្អាតប្រើប្រាស់ក្នុងក្រុង និងការជួយរំដោះទឹកចេញពីរាជធានីភ្នំពេញ ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាការកសាងកំណាត់ផ្លូវជាតិលេខ៥ កំណាត់ផ្លូវជាតិលេខ១ដែលជាហាយវ៉េអាស៊ាន...។ល។
សម្ដេចតេជោ ហ៊ុន សែន បានអរគុណរដ្ឋាភិបាលជប៉ុនដែលបានចូលរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។ សម្ដេចតេជោ ធ្លាប់បានជួបគណៈប្រតិភូក្រុមហ៊ុនជប៉ុនយ៉ាងច្រើន និងចង់ឱ្យក្រុមហ៊ុនជប៉ុនមកបណ្ដាក់ទុននៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។
សម្ដេចតេជោប្រធានព្រឹទ្ធសភា ពិតជាមានមោទនភាពដែលបានធ្វើការជាមួយជប៉ុនរហូតដល់សម្រេចក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីដើមឆ្នាំ២០២៣កន្លងទៅ។
សម្ដេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជា ទោះបីជាមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី ក៏ដោយ ក៏ទំនាក់ទំនងកម្ពុជា-ជប៉ុន ពុំមានការផ្លាស់ប្ដូរទេ ផ្ទុយទៅវិញ មានតែជំរុញទំនាក់ទំនងនេះ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ សម្ដេចតេជោ បានរំលឹកថា កាលពីខែមករាកន្លងទៅនេះ សម្ដេចបានអញ្ជើញទៅទទួលកែវភ្នែកសិប្បនិម្មិតនៅទីក្រុងតូក្យូ ហើយក្នុងឱកាសនោះ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានទទួលស្វាគមន៍សម្ដេចយ៉ាងកក់ក្តៅ ទោះបីជាសម្ដេចលែងជានាយករដ្ឋមន្ត្រីក៏ដោយ។
សម្ដេចតេជោ បានចាត់ទុកលោក គីស៊ីដា ហ្វូមីអូ ជាមិត្តចាស់។ សម្ដេច ក៏បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រីជប៉ុន ដែលបានផ្ញើសារអបអរសាទរសម្ដេច ពេលសម្ដេចក្លាយជាប្រធានព្រឹទ្ធសភា។
សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលទ្ធផលដែលលោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន បានលើកឡើងក្នុងជំនួបជាមួយសម្ដេចធិបតី។
សម្ដេចតេជោ បន្តថា កម្ពុជាតែងតែគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ជប៉ុន។ កម្ពុជាជាប្រទេសដំបូងគេដែលបានគាំទ្រគំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរ (FOIP) របស់ជប៉ុន ហើយបានកត់សម្គាល់ថា កម្ពុជាមានជំហរមិនឆ្ងាយពីជប៉ុនទេ នៅក្នុងបញ្ហាអន្តរជាតិ និងក្នុងការរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។
សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជានឹងចូលរួមក្នុងសន្និសីទស្ដីពីសកម្មភាពមីននៅអ៊ុយក្រែន ក្នុងផ្នែកមនុស្សធម៌។
មុននឹងបញ្ចប់សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំលោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្តេច ជូនចំពោះលោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ, ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា៕