(កំពង់ស្ពឺ)៖ លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសមន្ត្រីក្នុងសាលាខេត្តផ្ទាល់ ត្រូវរួមគិត រួមធ្វើ ហើយបន្តពង្រឹងសមត្ថភាពការងារ ចំពោះការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើយ៉ាងណាឱ្យកាន់តែមានទំនុកចិត្ត និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។

ការក្រើនរំលឹកនេះធ្វើឡើងគ្រាដែលជួបសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។

លោក ជាម ចន្ទ័សោភ័ណ លើកឡើងថា នៅក្នុងអាណត្តិដឹកនាំរបស់អតីតអភិបាលចាស់ លោក វ៉ី សំណាង រដ្ឋបាលខេត្តបានខិតខំរួមសាមគ្គីគ្នាក្នុងការងារអភិវឌ្ឍ និងកិច្ចការបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អ ដោយបន្សល់ទុកនូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កិច្ចការបន្តនៅក្នុងអាណត្តិថ្មីនេះ មន្ត្រីរាជការនៃរដ្ឋបាលខេត្តទាំងអស់ត្រូវរួបរួមគ្នាបន្តការងារទៅមុខទៀត គឺត្រូវប្រកាន់នូវគោលការណ៍ពង្រឹង នូវគុណភាពនៃស្ថាប័ននីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព ពលរដ្ឋមានជំនឿទុកចិត្ត ហើយនិងជាក្តីសង្ឃឹមផងដែរ។

លោកបានបញ្ជាក់ថា ស្ថាប័នរដ្ឋបាលខេត្ត គឺជាចំណុចស្នូលដែលដាក់ចេញជាទិសដៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងមន្ត្រីរាជការគ្រប់ ក្រុង ស្រុក ឃុំ សង្កាត់ ទទួលបានគោលការណ៍ យកទៅអនុវត្តធ្វើយ៉ាងណា កសាងនូវជំនឿទុកចិត្តពីប្រជាពលរដ្ឋឱ្យបានខ្លាំងក្លាក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយត្រូវចៀសវាងឱ្យផុតពីការសាងនូវកំហុស បង្កភាពឈឺចាប់ និងប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នរដ្ឋ។

អភិបាលខេត្តកំពង់ស្ពឺ បានសង្កត់ធ្ងន់ថា ដើម្បីផ្ដល់ក្តីសង្ឃឹម និងជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើរដ្ឋបាលខេត្ត មន្ត្រីនៃរដ្ឋបាលខេត្តត្រូវពង្រឹងសមត្ថភាព ពឹងផ្អែកទៅលើការបណ្ដុះបណ្ដាល នឹងត្រូវសិក្សាស្រាវជ្រាវឱ្យបានច្រើន បន្ថែមទៀត ពោលគឺត្រូវបន្តរៀនបន្ថែមទៀត តាមរយៈវគ្គបណ្ដុះបណ្ដាល ដើម្បីយកសមត្ថភាពពិតទៅបម្រើការងារ ទៅបម្រើប្រជាពលរដ្ឋ និយាយជារួម គឺការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព គុណភាព តម្លាភាព មិនប្រកាន់ និងរើសអើង សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនឹងនេះដែរ ដើម្បីឱ្យការដឹកនាំ ការផ្តល់សេវារដ្ឋបាលសាធារណៈប្រព្រឹត្តទៅដោយរលូន និងទទួលបានការជឿទុកចិត្ត ក៏ទាមទារឱ្យថ្នាក់ដឹកនាំទាំងអស់ ទាំងក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ការិយាល័យគ្រប់ផ្នែក និងរដ្ឋបាលក្រុងស្រុករហូតដល់ឃុំសង្កាត់ត្រូវតែរួមគិត រួមធ្វើ និងធ្វើឱ្យកាន់តែសកម្មថែមទៀត៕