(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបំភ្លឺចំពោះការផ្សាយព័ត៌មានក្លែងក្លាយរបស់គណនី TikTok Chean Dron ដែលមានចរិតបង្ខូចកេរ្តិ៍ឈ្មោះ លើថ្នាក់ដឹកនាំនៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយបង្ហោះថា «អយុត្តិធម៌ណាស់ ពលរដ្ឋខ្មែរដែលប្រើប្រាស់រគ្រឿងញៀនត្រូវគេ ចាប់ចងអនុវត្តទោសគ្មានលើកលែង តែដូចករណីជនបទេស (ចិន) ក្រុមនេះវិញបែរជាចាប់ហើយលែង និងថ្នូរលុយ 330,000$ ចាប់ ថ្ងៃទី២៣ ម៉ោង 4:00ព្រឹក ហើយបានដោះលែងវិញម៉ោង 9:00យប់ សូមសម្តេចបវរនាយករដ្ឋមន្ត្រីជួយរាស្ត្រខ្មែរផង និងសូមមន្ត្រីពាក់ពុំ ជួយពិនិត្យមើល លោកប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោក យឹង សារ៉ាត់ បើចាប់ហើយលែងយកលុយចឹងងាប់អស់ហើយ ខ្មែរ»។

មន្ទីរប្រឆាំងគ្រឿងញៀន សូមអនុញ្ញាតរំលឹកជូនសាធារណជនថា គណនីឈ្មោះ Chean Dron បានបង្កើតព័ត៌មានក្លែងក្លាយវាយប្រហារមកលើថ្នាក់ដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាបន្តបន្ទាប់ ហើយមន្ទីរក៏ធ្លាប់បានបំភ្លឺជូនសារធារណជនផងដែរ ប៉ុន្តែម្ចាស់គណនីក្លែងក្លាយនេះ នៅតែបន្តទៅបង្កើតគណនី TikTok ឈ្មោះ Chean Dron ដដែលបង្កើតព័ត៌មានក្លែងក្លាយបន្ថែមទៀត ដោយវាយប្រហារថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនថែមទៀត។

ជាថ្មីម្តងទៀត មន្ទីរប្រឆាំងគ្រឿងញៀន សូមបដិសេធទាំងស្រុង នូវព័ត៌មានក្លែងក្លាយរបស់គណីនហ្វេសប៊ុក និង TikTok ឬក៏បណ្តាញទំនាក់ទំនងសង្គមផ្សេងទៀតរបស់ឈ្មោះ Chean Dron។ ពួកគេបង្កើតព័ត៌មានក្លែងក្លាយនេះឡើង ក្នុងបំណងវាយប្រហារ លាបពណ៌ ធ្វើឱ្យខូចកិត្តិយសដល់ថ្នាក់ដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន ដែលកំពុងខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ តស៊ូបង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីចូលរួមចំណែករក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខុមាលភាពសាធារណៈ ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

មន្ទីរប្រឆាំងគ្រឿងញៀន នឹងបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស៊ើបអង្កេត ស្រាវជ្រាវរក មុខសញ្ញាដែលកាន់កាប់ ឬប្រើប្រាស់ហ្វេសប៊ុក និង TikTok ឈ្មោះ Chean Dorn ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ប្រសិនជាសាធារណជនណា អាចផ្តល់ព័ត៌មានសម្ងាត់ពីអត្តសញ្ញាណម្ចាស់គណនី Chean Dorn នេះបាន មន្ទីរប្រឆាំងគ្រឿងញៀន នឹងផ្តល់រង្វាន់ជាទីគាប់ចិត្ត និងរក្សាការសម្ងាត់ជូន។

ជាចុងក្រោយ មន្ទីរប្រឆាំងគ្រឿងញៀន សូមថ្លែងអំណរគុណចំពោះសាធារណជនគ្រប់មជ្ឈដ្ឋានដែលតែងតែសហការគាំទ្រ និងតាមដានយ៉ាងយកចិត្តទុកដាក់រាល់កិច្ចការ របស់មន្ទីរប្រឆាំងគ្រឿងញៀន។ មន្ទីរប្រឆាំងគ្រឿងញៀនមានលេខទូរស័ព្ទ Hotline ចំនួន៥ខ្សែ៖ 670 ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ, 093 456 888 (Smart), 011 248 888 (Cellcard), 015 222 226 (Smart), 066 661 661 (Metfone) រង់ចាំទទួលការរាយការណ៍ពីសាធរណជន៕