(ញូយ៉ក)៖ ប្រធានាធិបតីតួកគីលោក Tayyip Erdogan បានផ្តល់បទសម្ភាសន៍ដល់បណ្តាញព័ត៌មាន អន្តរជាតិមួយដោយលោកបាន អំពាវនាវឲ្យអាមេរិក ឈប់ធ្វើខ្លួនជាទីជម្រកសម្រាប់មេភេរវករ Fethullah Gulen ជាបន្តទៀត ហើយសកម្មភាពនានារបស់ Gulen ក៏ត្រូវតែទទួលការហាមឃាត់ផងដែរ នៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន channel News Asia នាព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៦។
លោក Fethullah Gulen បានភៀសខ្លួនពីប្រទេសតួកគី មករស់នៅសហរដ្ឋអាមេរិក ក្នុងរដ្ឋ Pennsylvania តាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ហើយបើទោះបីជារដ្ឋាភិបាលតួកគី ចាប់តាំងពីរដ្ឋប្រហារ បរាជ័យកាលពីថ្ងៃទី១៥ ខែកក្កដា នោះ បានព្យាយាមចោទរូបលោក ថាជាមេភេរវករ និងស្ថិតនៅពី ក្រោយការញុះញង់ឲ្យមានរដ្ឋប្រហារនោះក៏ដោយ ក៏លោក Gulen មិនដែលទទួលស្គាល់នោះដែរ។
នៅក្នុងបទសម្ភាសន៍នាថ្ងៃចន្ទនោះ លោក Erdogan បានសង្កត់ធ្ងន់ដូច្នេះថា «អាមេរិក មិនត្រូវមាន ការដោះសារអ្វីឡើយ ដើម្បីរក្សាទុកលោក Gulen។ អាមេរិកគួរតែឈប់ធ្វើជាទីជម្រក ដល់មេភេរវករ រូបនេះបន្តទៀត។ ប្រសិនបើអាមេរិកជាសម្ព័ន្ធមិត្តរបស់យើង និង ជាដៃគូនៃអង្គការ NATO នោះអាមេរិក មិនគួរណាអនុញ្ញាតឲ្យលោក Gulen បើអង្គការជាបណ្តាញ របស់ខ្លួននោះឡើយ»។
គួរបញ្ជាក់ថា ការថ្លែងរបស់ប្រធានាធិបតីខាងលើនេះ ធ្វើឡើងនៅក្នុងទីញូយ៉ក ដែលលោកបានមក ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតនៃអង្គការសហប្រជាជាតិ។ ដោយឡែកសម្រាប់ការដាក់ ប្រទេសក្នុងគ្រាមានអាសន្នរយៈពេល ៣ខែបន្ទាប់ពីរដ្ឋប្រហារនោះ នឹងអាចបន្តទៅមុខបន្ថែមទៀត ដែលនឹងមានការពិភាក្សាគ្នានៅក្នុងសភា។
បន្ថែមពីនេះទៀតលោក Erdogan ក៏បានលើកឡើងពីជំហរ របស់លោក ចំពោះការដោះស្រាយជម្លោះ នៅក្នុងប្រទេសស៊ីរីផងដែរ ដោយលោកតម្រូវឲ្យប្រជាជនស៊ីរី ជាអ្នកសម្រេចជោគជ័យវាសនា ហើយរឿងនេះគឺច្បាស់លាស់ណាស់ថា នឹងតម្រូវឲ្យមានការបោះឆ្នោត ដែលចូលរួមពីគ្រប់ភាគី ជម្លោះធំៗ គឺរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំង៕