(ភ្នំពេញ)៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ តភ្ជាប់ទៅត្រើយខាងលិចនៃមហាវិថី ស៊ី ជីនពីង និងត្រើយខាងកើតជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានឈានដល់ដំណាក់កាលសង់ផែបណ្តោះអាសន្ន ,ឃ្លាំងស្តុកសម្ភារៈគ្រឿងចក្រ និងរៀបចំឧបករណ៍ខួងគ្រឹះសសរស្ពាន។

លោក ផន រីម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះទៀតថា ស្ពាននេះជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ ,តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ ព្រមទាំងសាងសង់ស្ពានអាកាសរំលងផ្លូវជាតិលេខ១ ្រវែង ១២០ម៉ែត្រ។

ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)ប្រើប្រាស់ថវិកាក្រោមក្របខណ្ឌមូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិវធ្ឍន៍ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ គ្រោងបញ្ចប់ចុងឆ្នាំ២០២៧។

បច្ចុប្បន្ននេះក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)ជាអ្នកទទួលសាងសង់ ដោយបានរៀបចំទីតាំងសម្រាប់ការស្នាក់នៅ ការិយាល័យ ឃ្លាំង និងកន្លែងរោងជាងផលិតគ្រឿងសំណង់រួចរាល់។ ទន្ទឹមនឹងនោះCRBC កំពុងសាងសង់ផែបណ្តោះអាសន្នមួយកន្លែង សម្រាប់ដឹកជញ្ជូនសម្ភារៈសំណង់ដោយសម្រេចបាន៨០%ហើយ និងបានរៀបចំផ្លូវចូលការដ្ឋានបានរួចរាល់។

ឧបករណ៍ខួង និងឧបករណ៍គ្រឿងចក្រផ្សេងៗ និងសម្ភារៈសំណង់មួយចំនួនទៀតសម្រាប់បម្រើឱ្យការសាងសង់ បានត្រៀមរួចរាល់សម្រាប់នាំចូលពីប្រទេសចិន អាចនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗខាងមុខដើម្បីដំណើរការចាប់ផ្ដើមសាងសង់។

ស្របពេលជាមួយគ្នានៃការបញ្ចប់ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលត្រូវប្រសិទ្ធិនាមជា មហាវិថីស៊ី ជីនពីង ស្ពាននេះមានសារសំខាន់ ដោយតភ្ជាប់ចរាចរណ៍ភូមិសាស្រ្តភាគខាងលិច ទៅខាងកើតនៃទន្លេមេគង្គ និងភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ បាវិត ដែលជាច្រកដ៏មានសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងភស្តុភាកម្ម៕