(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករវៀង និងឃុំទាំង១២ បានថ្លែងណែនាំដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំទូទាំងស្រុក និងបងប្អូនប្រជាពលរដ្ឋស្រុករវៀង ត្រូវធ្វើការសហការល្អជាមួយក្រុមការងារយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លីរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលកំពុងចុះធ្វើសកម្មភាពវាស់វែងដីធ្លីនៅតាម ភូមិ ឃុំ ក្នុងមូលដ្ឋានស្រុករវៀង។

ការថ្លែងរបស់លោក អ៊ុក គឹមសាន ក្នុងឱកាសដែលលោក តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីក្រុមការងារ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយមួយចំនួនរបស់លោក គីម រិទ្ធី ប្រគល់ជូនក្រុមការងារយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលកំពុងបំពេញភារកិច្ចវាស់វែងដីធ្លីនៅក្នុងស្រុករវៀង។

លោក អ៊ុក គឹមសាន បានថ្លែងនាំនូវការផ្តំផ្ញើសាកសួរសុខទុក្ខពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ផ្ញើជូនក្រុមយុវជនស្ម័គ្រចិត្តទាំងអស់ដែលកំពុងមានវត្តមាននៅទីនេះ។លោកក៏ថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លី របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃ ចុះមកវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីចូលរួមពន្លឿនឱ្យដំណើរវាស់វែងដីធ្លីនៅខេត្តព្រះវិហារ បញ្ចប់នៅឆ្នាំ២០២៥ តាមផែនការរបស់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

លោក អ៊ុក គឹមសាន ក៏បានថ្លែងណែនាំដល់លោកមេភូមិ មេឃុំ និងប្រជាពលរដ្ឋទូទាំងស្រុករវៀង ត្រូវជួយសហការនិងយកចិត្តទុកដាក់ជាមួយក្រុមការងារយុវជនស្ម័គ្រចិត្ត ដែលចុះមកវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ត្រូវចាត់ទុកពួកគាត់ដូចបងប្អូន កូនចៅ ជាក្រុមគ្រួសារតែមួយ ដោយសារតែពួកគាត់ជាអ្នកមកពីឆ្ងាយ តាមបណ្តាលខេត្ត និងរាជធានីភ្នំពេញ បានខិតខំវាស់វែងដីធ្លីជូនបងប្អូន ដើម្បីបងប្អូនទទួលបានកម្មសិទ្ធដីធ្លីដោយស្របច្បាប់។

បើតាមរបាយការណ៍របស់លោក សីន ម៉េងឡាំ ប្រធានក្រុមការងារយុវជនស្ម័គ្រចិត្តបានថ្លែងថា៖ក្រុមការងារយុវជនស្ម័គ្រចិត្តរបស់លោកបានមកដល់ស្រុករវៀងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ហើយបានបំពេញការងារនៅតាមឃុំចំនួន៣ និងភូមិចំនួន៩។គិតត្រឹមថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រុមការងាររបស់លោកបានវាស់វែងក្បាលដីជូនប្រជាពលរដ្ឋសរុបចំនួន២៦៤៦ក្បាលដី។

សូមបញ្ជាក់ថាអំណោយរបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលនាំយកទៅប្រគល់ជូនក្រុមការងារយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លី របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាពេលនេះរួមមាន៖ថវិកាចំនួន៥លានរៀល អង្ករចំនួន៣០០គីឡូក្រាម ត្រីខចំនួន៣០យួរ មីចំនួន៣០កេស ទឹកបរិសុទ្ធដបធំចំនួន៣០យួរ និងមុងចំនួន៣០ផងដែរ៕