(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករវៀង និងឃុំទាំង១២ បានថ្លែងណែនាំដល់ក្រុមការងារ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធិភាព តម្លាភាព និងអាចទទួលយកបាន។

ការថ្លែងរបស់លោក អ៊ុក គឹមសាន ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅភារកិច្ចបន្តឆមាសទី២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករវៀង និងឃុំទាំង១២ ដោយមានការចូលរួមពីលោក លោកស្រី ជាក្រុមការងារ អាជ្ញាធរស្រុក ឃុំ ភូមិ សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាដៃគូរអភិវឌ្ឍ និងវិស័យឯកជនជាច្រើនរូបទៀត នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។

នៅក្នុងឱកាសនេះដែរលោក អ៊ុក គឹមសាន បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ផ្ញើជូនក្រុមការងារចុះមូលដ្ឋានស្រុករៀង ថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅស្រុករវៀង ក៏ដូចជាជូនពរឱ្យក្រុមការងារបន្តបេសកកម្មរបស់ខ្លួននៅក្នុងស្រុករវៀង ឱ្យទទួលបានជោគជ័យ។

នៅក្នុងកិច្ចប្រជុំរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលនាដ្ឋានស្រុករវៀង ដែលដឹកនាំដោយលោក អ៊ុក គឹមសាន នាពេលនេះ គឺលោកយកចិត្តទុកដាក់ស្តាប់នូវរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅភារកិច្ចបន្តឆមាសទី២ ឆ្នាំ២០២៤ ក៏ដូចជាបទអន្តរាគមន៍របស់ឃុំចំនួន៦ និងការិយាល័យអប់រំស្រុក ការិយាល័យកសិកម្មស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក ដើម្បីស្តាប់ ពិភាក្សា ដោះស្រាយបញ្ហាប្រឈមដែលបានលើកឡើងខាងលើនេះឱ្យមានប្រសិទ្ធិភាព។

បន្ទាប់ពីបានស្តាប់ការលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់លោកមេឃុំ និងការិយាល័យជំនាញរបស់ស្រុក ក៏ដូចជាលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោក អ៊ុក គឹមសាន បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារទាំងអស់ ព្រមទាំងអាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុងស្រុករវៀង ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសដោះស្រាយបញ្ហាប្រឈមនៅតាមមូលដ្ឋានបានមួយចំនួនធំ។

លោកថ្លែងបញ្ជាក់ទៀតថា៖កិច្ចប្រជុំរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករវៀង នឹងធ្វើការប្រជុំរាល់៣ខែម្តង ៦ខែម្តង ដើម្បីរួមគ្នាក្នុងការតាមដាន និងរួមគ្នាដោះស្រាយ។លោកក៏បានណែនាំបន្ថែមឱ្យតាមដានរាល់សំណើរ សំណូមពរ នានាតាមមូលដ្ឋាន រួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា ក្នុងករណីមិនអាចដោះស្រាយបានត្រូវរាយការណ៍ជាបន្ទាន់តាមឋានានុក្រម ដើម្បីរួមគ្នាដោះស្រាយអភិវឌ្ឍមូលដ្ឋានឆ្ពោះទៅឆ្នាំ២០៣០ជាប្រទេសមានចំណូលមធ្យមក្រិតខ្ពស់ និងឆ្នាំ២០៥០ជាប្រទេសមានចំណូលខ្ពស់ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕