(ភ្នំពេញ)៖ កម្ពុជា បានបន្តបញ្ជូនកងអនុសេនាធំកងវិស្វកម្មលេខ៤៦៨ ចំនួន២៤៤នាក់ ជាកងប្ដូរវេនចេញទៅបំពេញបេសកកម្មថែរក្សាសន្តិភាព នៅអាហ្វ្រិកកណ្តាល ក្រោមក្របខ័ណ្ឌប្រតិបត្តិការថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ (UN)។ កងអនុសេនាធំកងវិស្វកម្មលេខ៤៦៨ ត្រូវបានត្រួតពិនិត្យសុខភាព និងបានហ្វឹកហ្វឺនជំនាញច្បាស់លាស់មុននឹងត្រូវបានចាត់បញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនេះ។
ខណៈកងវិស្វកម្មលេខ៤២៣ ក៏បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាដោយសុវត្ថិភាព ក្រោយពីបញ្ចប់បេសកកម្មក្រោមទង់ UN រយៈពេល១ឆ្នាំ ដោយជោគជ័យ ដោយបានបង្កើនកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។
ពិធីជូនដំណើរ និងទទួលមាតុភូមិនិវត្តន៍កងទ័ពមួកខៀវកម្ពុជាទាំងពីរកងនេះ បានធ្វើក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ រួមជាមួយថ្នាក់ដឹកនាំ NPMEC ជាច្រើនរូបទៀត នៅព្រលប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា បេសកកម្ម MINUSCA គឺជាឆ្នាំទី១០ ហើយកងវិស្វកម្មលេខ៤២៣ គឺជាកងទី៩ ដែលបានចូលរួមអនុវត្តភារកិច្ចប្រកបដោយផ្លែផ្កា ដូចបណ្តាកងមុនៗដែរ ទោះបីជាមានឧបសគ្គខ្លះៗក៏ដោយ។
នាយឧត្តមសេនីយ៍ បានលើកឡើងថា កម្លាំងរក្សាសន្តិភាពកម្ពុជាដែលបានវិលមកកាន់មាតុភូមិវិញប្រកបដោយសុវត្ថិភាព និងបានពាំនាំមកនូវជោគជ័យថ្មីៗបន្ថែមទៀត ជូនព្រះរាជាណាចក្រកម្ពុជា។ ផ្អែកតាមសកម្មភាព និងលទ្ធផលសម្រេចបានអាចវាយតម្លៃបានថាកម្លាំងមួកខៀវកម្ពុជា បានប្រើប្រាស់ជំនាញ វិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវខ្ពស់ ពង្រឹងសាមគ្គីភាព សហប្រតិបត្តិការ និងភាពអង់អាចក្លាហានក្នុងការអនុវត្តតួនាទីរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៃតំបន់ដែលខ្លួនបានចូលរួម។ យើងក៏អាចវាយតម្លៃផងដែរថាកម្លាំងទាំងនេះពិតជាបានទទួលការហ្វឹកហ្វឺនជំនាញបច្ចេកទេសត្រឹមត្រូវតាមនិយាមរបស់ អ.ស.ប មុនចេញបំពេញបេសកកម្មហើយរក្សាបាននូវសុវត្ថិភាព តាមការផ្តាំផ្ញើរបស់ថ្នាក់ដឹកនាំនានា។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា រយៈពេល១ឆ្នាំនៃការបំពេញភារកិច្ចដ៏សែនលំបាកដូច ជាការប្រឈមនឹងការវាយប្រហារពីសំណាក់ក្រុមភាគី ប្រដាប់អាវុធ កង្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធដែលពេលខ្លះការធ្វើដំណើរត្រឹមចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ កម្លាំងយើងត្រូវចំណាយពេលពី២-៣ថ្ងៃ ដោយតម្រូវឱ្យសម្រាកតាមដង ផ្លូវ ប្រឈមនឹងជំងឺគ្រុនចាញ់ទន្ទឹមនឹងការឃ្លាតឆ្ងាយពីក្រុមគ្រួសារផងនោះ គឺពិតជាការលះបង់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន។ ការធ្វើមាតុភូមិនិវត្តន៍នាពេលនេះបង្ហាញពីការខិតខំពុះពារ ជំនះគ្រប់ឧបសគ្គ ផ្ស៊ាំទៅនឹងស្ថានការណ៍ជាក់ស្តែងរបស់វីរយុទ្ធជន និងយុទ្ធនារី ព្រមទាំងបានវិលត្រឡប់ មកវិញប្រកបដោយកាយាមាំមួន រីឯក្រុមគ្រួសារក៏ពោរពេញដោយទឹកមុខញញឹមប្រឹមប្រិយ។
ចំពោះកងប្តូរវេនដែលបានចេញដំណើរ, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានក្រើនរំលឹកបងប្អូនកងកម្លាំងទាំងអស់គ្នាបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ។ អំឡុងពេលធ្វើដំណើរត្រូមានម្ចាស់ការលើសម្ភារៈខ្លួនឯង ត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយមិនត្រូវឃុបឃិតគ្នានាំយកវត្ថុហាមឃាត់ឡើងលើយន្តហោះឡើយ។ បន្ថែមពីលើនេះ កម្លាំងទាំងអស់ត្រូវគិតពីសុវត្ថិភាពជាចម្បង ពិសេសអំឡុងពេលអនុវត្តភារកិច្ចមិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ ហើយ ត្រូវចេះដកបទពិសោធន៍ និងមេរៀនល្អៗ កែតម្រូវរាល់កំហុសឆ្គងដែលបានកើតមានឡើង ដើម្បីសម្រេចបានជោគជ័យជូនជាតិ មាតុភូមិ ក្រុមគ្រួសារ និងខ្លួនយើងផ្ទាល់។
«ត្រូវចងចាំថាវត្តមានរបស់កម្លាំងយើងនីមួយៗ មិនត្រឹមតែតំណាងឱ្យអង្គការសហប្រជាជាតិ កងយោធពលខេមរភូមិន្ទ ឬមជ្ឈមណ្ឌលជាតិប៉ុណ្ណោះទេ គឺតំណាង ឱ្យប្រទេសកម្ពុជាទាំងមូល។ ដូច្នេះ គ្រប់សកម្មភាពទាំងក្នុង និងក្រៅម៉ោងធ្វើការត្រូវតម្កល់កិត្តិយសជាតិជាចម្បង»។ នេះជាការរំលឹកបន្ថែមរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងថា ក្នុងរយៈពេល១៨ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបប្រមាណ ៩,៥៧០នាក់ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិចំនួន១២បេសកកម្មនៅតាមបណ្ដាចំនួន១០ប្រទេស ដោយធ្វើការងារលើជំនាញបោសសម្អាតមីន វិស្វកម្មសំណង់ផ្ដេក-បញ្ឈរ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះ កម្ទេចគ្រាប់មិនទាន់ផ្ទុះ និងសង្កេតការណ៍យោធា។
ប្រទេសទាំង១០នោះរួមមាន៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិកកណ្ដាល ម៉ាលី យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ បច្ចុប្បន្ន កម្ពុជាមានកងកម្លាំងមួកខៀវប្រមាណ ៦២៧នាក់ ដែលបាននឹងកំពុងបំពេញបេសកកម្មតាមបណ្ដាប្រទេសកំពុងមានជម្លោះចំនួន៤ រួមមាន៖ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្ដាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕