(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ច្បាស់ៗថា តាមរយៈការចុះអង្កេតដោយផ្ទាល់យ៉ាងយកចិត្តទុកដាក់របស់លោកនៅពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាប់ៗគ្នានាប៉ុន្មានថ្ងៃចុងក្រោយនេះ គឺអាចធ្វើការកំណត់បានហើយ នូវទីតាំងដែលត្រូវដាក់ប្រព័ន្ធលូបង្ហូរ រំដោះទឹកភ្លៀង សម្រាប់តំបន់លិចលង់ក្នុងមូលដ្ឋានខណ្ឌ។ លោក ជិន ប៊ុនធឿន បានបញ្ជាក់ទៀតថា លោកមានជំនឿខ្ពស់បំផុតថា បន្ទាប់ពីគម្រោងដាក់ប្រព័ន្ធលូ យ៉ាងហោចណាស់មួយគម្រោង ស្ថិតក្នុងសង្កាត់ឫស្សីកែវ បានអនុវត្តរួចរាល់នាឆ្នាំខាងមុខ ក្នុងមូលដ្ឋានខណ្ឌមិនមានការលិចលង់លំនៅដ្ឋានប្រជាជនដោយជំនន់ទឹកភ្លៀងទៀតទេ។

ការបញ្ជាក់របស់លោក ជិន ប៊ុនធឿន និងមានជំនឿទុកចិត្តខ្ពស់យ៉ាងដូច្នេះ ក្នុងពេលលោកបន្តដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរសង្កាត់-ភូមិ ចុះត្រួតពិនិត្យការបូមទឹកស្តារប្រព័ន្ធលូ និងប្រព័ន្ធព្រែក ដើម្បីរំដោះទឹកចេញ ហើយនឹងវាយតម្លៃពីស្ថានភាពជាក់ស្ដែងតាមបណ្ដាផ្លូវ និងផ្ទះសម្បែងប្រជាពលរដ្ឋ ដែលលិចលង់ដោយសារទឹកភ្លៀង ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។

លោកអភិបាលខណ្ឌរស្សីកែវ នៅតែលើកឡើងថា ព្រែកអូរវែង ដែលជាប្រព័ន្ធរំដោះទឹកជំនន់តែមួយគត់ដោយនាំទឹកបង្ហូរចូលទៅក្នុងទន្លេតាមស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រូវបានម្ចាស់ក្បាលដីនៅសងខាងព្រែកនេះ ចាក់ដីរំលោភយក និងសាងសង់សំណង់រឹងលើចំណីព្រែក។ លោកអភិបាលខណ្ឌឬស្សីកេវ ថាព្រែកអូរវែងមានទំហ៊ំ៨០ម៉ែត្រ ដែលក្នុងនោះ តួព្រែកមានទំហ៊ំ៣០ម៉ែត្រ និងចំណីព្រែកសងខាងមានទំហ៊ំ២៥ម៉ែត្រ ដោយមានផ្លូវជាប់មាត់ព្រែកសងខាងមានទំហ៊ំទទឹង១០ម៉ែត្រ សម្រាប់សម្រួលចរចរណ៍ និងងាយស្រួលចល័តគ្រឿងចក្រ ដើម្បីសម្អាតស្តារព្រែក និងសម្រួលចរន្តទឹកហូរលឿន ហើយបញ្ចៀសការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងមូលដ្ឋានខណ្ឌចំនួន៥ របស់រាជធានីភ្នំពេញ។

លោកអភិបាលខណ្ឌឬស្សីកែវ បានលើឡើងអំពីមូលហេតុចម្បងមួយចំនួន ដែលបានធ្វើឲ្យមានជំនន់ទឹកភ្លៀងលិចលង់លំនៅដ្ឋានរបស់ប្រជាជនពេលមានភ្លៀងធ្លាក់ខ្លាំង គឺទាក់ទងទៅនិងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់លំនៅដ្ឋានស្រប តម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ ដែលកាន់តែកើនឡើងខ្ពស់ និងបានធ្វើឲ្យតំបន់ផ្ទៃរងទឹកភ្លៀងតាមទំនាប ដែលធ្លាប់ទទួលទឹក និងជ្រាបចូលដី បានបាត់បង់រួមតូច ដោយចាក់សាប ចាក់បេតុង និងចាក់កៅស៊ូថ្នល់ ហើយទឹកភ្លៀងត្រូវបានបង្ហូរត្រង់ទៅបណ្តាញលូ តែម្តង និងស្របពេល ដែលមានសកម្មភាពលួចបិទភ្ជិតអណ្តូងលូ តាមផ្ទះបងប្អូនប្រជាជន និងបញ្ហាសំរាមកកស្ទះ។

លើសពីនេះ ការប្រើប្រាស់ទឹកស្អាតក្នុងរាជធានីភ្នំពេញកើនឡើងខ្ពស់ ដោយប្រជាជនក្នុងទីក្រុងកាន់តែកើន ការប្រើប្រាស់ទឹកស្អាតកាន់តែកើន ធ្វើឲ្យក្នុងបណ្តាញលូខ្លះ ពោរពេញដោយទឹកកខ្វក់ និងធ្វើឲ្យកាត់បន្ថយសមត្ថភាពបង្ហូរទឹកភ្លៀងក្នុងបំពង់លូ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌឫស្សីកែវ បានស្នើយ៉ាងទទូចឲ្យម្ចាស់ក្បាលដីនៅសងខាងព្រែកអូរវែងទាំងអស់ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពចាក់ដីរំលោភយកចំណីព្រែកប្រើប្រាស់ជាប្រយោជន៍ឯកជន នឹងត្រូវសហការជាមួយអាជ្ញាធរដែនដី និងមន្ត្រីមានសមត្ថកិច្ចកំណត់ព្រំដីរបស់ខ្លួនជាប់ដីចំណីព្រែក និងត្រូវរុះរើចេញជាបន្ទាន់បណ្តាសំណង់ ដែលបានសង់លើដីចំណីព្រែកអូរវែង បើមិនដូច្នោះ នឹងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ជាធរមាន៕