(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ព្រមទាំងសមាជិក សមាជិកា បានបរិច្ចាគថវិកាចំនួន ៥៩,៩៩៩ដុល្លារអាមេរិក ដើម្បីចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
ពិធីប្រគល់ និងទទួលថវិកានេះ បានប្រព្រឹត្ដទៅនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នាមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ក្រោមវត្ដមានលោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានតិបត្តិក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា, លោក យោគ សាមឌី អគ្គលេខាធិការរងនៃ និងជានាយករងប្រតិបត្តនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងលោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ព្រមទាំងក្រុមការងារសមាគម និងមូលនិធិគន្ធបុប្ផាកម្ពុជា ជាច្រើនរូបផងទៀត។
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលមានរយៈពេលពេញ ១ខែមិថុនានេះ ជាយុទ្ធនាការកៀរគរថវិកាបរិច្ចាគប្រចាំឆ្នាំមួយដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា និងមានគោលបំណង រួមគ្នាជាធ្លុងមួយ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានលើកឡើងថា «ការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាភារកិច្ចរបស់ពលរដ្ឋកម្ពុជាគ្រប់រូប»។
សម្រាប់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅឆ្នាំ២០២៤នេះ មានលក្ខណៈកាន់តែពិសេស ដោយលោកជំទាវបណ្ឌិតប្រធានកិត្តិយស បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពីធីបើកយុទ្ធនាការកាលពីថ្ងៃទី១ ខែមិថុនា ព្រមទាំងបានចូលរួមកម្មវិធី «វនយាត្រាអង្គរ» កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីជាការគាំទ្របន្ថែមដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤។
យុទ្ធនាការខាងលើនេះ ឃើញថាមានការចូលរួមយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋកម្ពុជា និងពីសំណាក់សប្បុរសទាំងក្នុង និងក្រៅស្រុក ដែលបង្ហាញពីការសាមគ្គីភាពមួយដ៏រឹងមាំ ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា ។ជាក់ស្ដែងដូចថ្ងៃនេះ ទោះយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបញ្ចប់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ក៏នៅតែមានប្រជាជនកម្ពុជាយើង បានចូលរួមបរិច្ចាគជាបន្ដបន្ទាប់ទៀតផងដែរ។
សូមបញ្ជាក់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តួចផ្តើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានបញ្ចប់នៅថ្ងៃទី១ ខែកក្កដា ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទកៈ ទាំងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជន ពោលគឺមានការចូលរួមគាំទ្រពីសប្បុរសជនជាង២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាមេរិក ចំនួនជាង ៣.៣ លានដុល្លារ៕