(ភ្នំពញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្ដីជូនដំណឹងថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានសហការជាមួយនឹងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរបស់សិង្ហបុរី (Block71) រៀបចំកម្មវិធីបណ្តុះបណ្តាលគ្រូបង្វឹកធុរកិច្ចថ្មីឌីជីថល (Digital Startup Mentors Training Program) ជាច្រើនវគ្គ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលនៅប្រទេសកម្ពុជា ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

សូមបញ្ជាក់ថា មជ្ឈមណ្ឌល Block71 គឺជាមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរបស់សិង្ហបុរី ដែលមានបទពិសោធន៍ច្រើនឆ្នាំនិងទទួលបានជោគជ័យបំផុតក្នុងការជំរុញការអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលក្នុងតំបន់និងអន្តរជាតិ ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) នៅឆ្នាំ២០១១។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជ្រើសរើសបានបេក្ខជនចំនួន៣០រូប ចូលរួមក្នុងវគ្គបណ្តុះបណ្តាលទី១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីក្លាយជាគ្រូបង្វឹកធុរកិច្ចថ្មីឌីជីថលបង្គោល របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕