(ភ្នំពេញ)៖ លោក Jean Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានចាត់ជោគជ័យរបស់កម្ពុជា ដោយប្រែក្លាយពីប្រទេសរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសចូលរួមរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ គឺជាគំរូដ៏ល្អមួយ សម្រាប់បណ្តាប្រទេសនានាលើពិភពលោក។
លោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះលោកអគ្គលេខាធិការរង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែក និងការគាំទ្រដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបេសកកម្មថែរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ លោកក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីចូលរួមធានានូវសុខសន្តិភាព និងសុវត្ថិភាព ដល់បណ្ដាប្រទេសដទៃទៀត។ នេះ គឺជាគំរូដ៏ល្អមួយសម្រាប់បណ្ដាប្រទេសផ្សេងទៀតជុំវិញពិភពលោក។ ភាពជោគជ័យនេះ ក៏ទទួលបានផងដែរ នូវការសាទរ និងការគាំទ្រពីបណ្ដាប្រទេសនានាជាច្រើន។
ជាមួយគ្នានេះ លោកអគ្គលេខាធិការរង ក៏បានកោតសរសើរ ជាពិសេស ចំពោះកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលបានអនុវត្តការងារយ៉ាងសកម្ម និងប្រកបដោយវិន័យខ្ពស់។
លោកអគ្គលេខាធិការរង ក៏បានជម្រាបសម្ដេចធិបតីផងដែរថា អង្គការសហប្រជាជាតិ បន្តការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើកិច្ចសហប្រតិបត្តិការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដើម្បីចូលរួមជាមួយបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសដែលកំពុងមានជម្លោះ និងអសន្តិសុខ។ ព្រមជាមួយគ្នានេះ លោកអគ្គលេខាធិការរង ក៏បានគូសបញ្ជាក់អំពីការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្ដែងក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកអគ្គលេខាធិការរង និងបានសម្ដែងការថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តចូលរួមចំណែកជាមួយអង្គការសហប្រជាជាតិក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខ ដល់បណ្ដាប្រទេសកំពុងប្រឈមនឹងជម្លោះ និងអសន្តិសុខ ក៏ដូចជាការចូលរួមចំណែកក្នុងការកិច្ចការមនុស្សធម៌ផងដែរ។
បន្ថែមពីលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រដល់សុវត្ថិភាព ក៏ដូចជាសន្តិសុខរបស់កងកម្លាំងរក្សាសន្តិភាព របស់កម្ពុជានៅតាមបណ្ដាប្រទេសនានា។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសផ្សេងៗ ក៏ដូចជាការបន្ថែមអង្គភាពផ្សេងៗទៀត បន្ថែមលើអង្គភាពទាំង៣ ដែល មានស្រាប់នាពេលកន្លងមក។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ក្នុងការបោសសម្អាតមីន ហើយមកដល់ពេលបច្ចុប្បន្ននេះខេត្តចំនួន១៥ របស់កម្ពុជា ត្រូវបានប្រកាសជាផ្លូវការថាជាខេត្តដែលគ្មានមីន ហើយរាជរដ្ឋាភិបាលនឹងបន្តការខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីន ព្រោះថាបញ្ហាបន្សល់ទុកពីសង្រ្គាមនេះ គឺជាបញ្ហាប្រឈមដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៃអនុសញ្ញាអូតាវ៉ានាពេលខាងមុខនេះ។
សូមបញ្ជាក់ថា កម្ពុជាមកដល់ពេលនេះមានមោទនភាព ដែលធ្លាប់តែជាប្រទេសញាំញីដោយសង្គ្រាមរាប់រយឆ្នាំ អាចស្វែងរកសន្តិភាពពេញលេញដោយខ្លួនឯង ហើយថែមទាំងអាចចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងបុព្វហេតុសន្តិភាពពិភពលោក។ ចាប់ពីឆ្នាំ២០០៦ ដល់ខែមិថុនា ឆ្នាំ ២០២៤ កម្ពុជាបានបញ្ជូនកងទ័ពរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាតិ ចំនួន ៩,៥៧០នាក់ (ស្ត្រី ៨១៨នាក់) ទៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន ១០ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រ្វិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ។
គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤ មានកងទ័ពរក្សាសន្តិភាពកម្ពុជាចំនួន ៦២៧ ស្ត្រី ១២៥នាក់ ត្រូវបានដាក់ពង្រាយ នៅស៊ូដង់ខាងត្បូង (UNMISS) លីបង់ (UNFIL) អាហ្រ្វិកកណ្តាល (MINUSCA) កុងហ្គោ (MONUSCO) និងស៊ូដង់ (UNISFA)។
កម្ពុជាបន្តឈរនៅលំដាប់កំពូលទាំង២៥ ក្នុងចំណោមប្រទេសចំនួន១២១ ដែលរួមចំណែកកងទ័ពក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាប់ចំណាត់ថ្នាក់លេខ៣ (បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី) នៃបណ្តាប្រទេសអាស៊ាន។ សម្រាប់ការរួមចំណែកដល់កងទ័ពស្ត្រី កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៤ ក្នុងចំណោមប្រទេសចំនួន១១៩ និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលបានសម្រេចចិត្តក្នុងការបញ្ជូនកងទ័ពកម្ពុជាចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០០៦។ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺជាការលំបាក និងជាការទទួលខុសត្រូវដ៏ធំផងដែរ ចំពោះមុខនៃសុខសុវត្ថិភាពរបស់កងកម្លាំងកម្ពុជា៕