(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ក្នុងនាមជាតំបន់កំពុងអភិវឌ្ឍដ៏ខ្លាំងក្លាបំផុតមួយរបស់ពិភពលោក អាស៊ីអាគ្នេយ៍គឺជាកន្លែងនៃការប្រកួតប្រជែងយុទ្ធសាស្ត្រដ៏ខ្លាំងក្លាក្នុងចំណោមមហាអំណាចធំៗ ដែលជាតួអង្គសំខាន់នៅក្នុងសេដ្ឋកិច្ចពិភពលោក។

ការថ្លែងបែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានសម្រាប់ចីរភាពនៃសាកលវិទ្យាល័យកូរ៉េ នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ ពិធីនេះមានការចូលរួមផងដែរពីលោកបណ្ឌិត Jae Hyeok Shin នាយកវិទ្យាស្ថានសម្រាប់ចីរភាពនៃសាកលវិទ្យាល័យកូរ៉េ, លោកបណ្ឌិត Sung Kyu Kim នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ដោយចីរភាពនៃសាកលវិទ្យាល័យកូរ៉េ។

លោកបណ្ឌិត បានលើកឡើងថា អាស៊ីអាគ្នេយ៍គឺជាកន្លែងនៃការប្រកួតប្រជែងយុទ្ធសាស្ត្រដ៏ខ្លាំងក្លាក្នុងចំណោមមហាអំណាចធំៗ ដែលមានទីតាំងជាយុទ្ធសាស្ត្រ និងមានជម្លោះទឹកដីយូរអង្វែង អាចទាក់ទាញមហាអំណាចធំៗដូចជា អាមេរិក និងចិន ឱ្យមកប្រកួតប្រជែងបាន ជាពិសេសតំបន់នេះក៏មានសារៈសំខាន់ជាសាកលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងជីវចម្រុះ និងភាពបើកចំហរបស់អាស៊ីអាគ្នេយ៍ចំពោះពាណិជ្ជកម្ម និងការវិនិយោគធ្វើឱ្យវាក្លាយជាតួអង្គសំខាន់នៅក្នុងសេដ្ឋកិច្ចពិភពលោក។

លើសពីនេះ លោកបន្តថា សក្ដានុពលនៃទំនាក់ទំនងចិន-អាមេរិក ក៏ដើរតួយ៉ាងសំខាន់ក្នុងការរៀបចំគោលនយោបាយការបរទេសរបស់រដ្ឋអាស៊ីអាគ្នេយ៍ផងដែរ។ កង្វល់ឆ្លងដែនរបស់តំបន់ ដូចជាការផ្លាស់ប្តូរសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ជំងឺរាតត្បាត និងទុក្ខព្រួយរួមគ្នាក្នុងចំណោមប្រជាជនឥស្លាម រួមចំណែកបន្ថែមទៀតដល់សារៈសំខាន់នៃភូមិសាស្ត្ររបស់វា។ លោកបន្ថែមថាជម្លោះសមុទ្រចិនខាងត្បូង និងវត្តមានរបស់តួអង្គនយោបាយសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បង្កើតភាពមិនច្បាស់លាស់និងហានិភ័យនៅក្នុងតំបន់ ខណៈដែលកត្តាទាំងនេះបង្ហាញពីលក្ខណៈស្មុគស្មាញ និងថាមវន្តនៃសារៈសំខាន់ភូមិសាស្ត្រអាស៊ីអាគ្នេយ៍។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានបន្តថា​ តំបន់នេះត្រូវបានតំណាងដោយស្ថាប័នសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានប្រទេសចំនួន១០ក្នុងចំណោម ១១ ប្រទេសជាសមាជិក ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៦៧ អំឡុង​ពេល​សង្រ្គាម​ត្រជាក់​ខ្លាំង​ បាន​បម្រើ​ជា​កម្លាំង​បង្រួបបង្រួម​ដ៏​សំខាន់​សម្រាប់​តំបន់​រហូត​ដល់​សព្វ​ថ្ងៃ។ តាមភូមិសាស្រ្តអាស៊ីអាគ្នេយ៍គឺជាផ្ទះនៃផ្លូវទឹកយុទ្ធសាស្ត្រពីរគឺ ច្រកសមុទ្រម៉ាឡាកា និងសមុទ្រចិនខាងត្បូង ដែលច្រកទាំងពីរគឺជាផ្លូវទឹកដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម និងការដឹកជញ្ជូនប្រេង មិនត្រឹមតែសម្រាប់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អាស៊ីឦសានផងដែរ ដូចតំបន់ទាំងអស់ក្នុងពិភពលោកអាស៊ីអាគ្នេយ៍ និងអាស៊ានត្រូវតែប្រឈមមុខនឹងការពិត នៃការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន។

យោងតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍បានបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច តាមរយៈបញ្ហាប្រឈមជាសកលជាបន្តបន្ទាប់ ជាពិសេសផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ក៏ដូចជាជម្លោះភាពងាយរងគ្រោះនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងការធ្លាក់ចុះសេដ្ឋកិច្ច។ កម្រិតGDP ពិតប្រាកដរបស់ប្រទេសអាស៊ាន ត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ 4.8% នៅចុងឆ្នាំ២០២៤ បន្ទាប់ពីការងើបឡើងវិញយ៉ាងខ្លាំងពីវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។

ជិត៦០ឆ្នាំ អាស៊ាន​បាន​សម្រេច​បាន​សមិទ្ធផល​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ដោយ​ហេតុ​នេះ​ជំរុញ​កំណើន​សេដ្ឋកិច្ច។ ទោះបីជាយ៉ាងណាក៏ដោយ អាស៊ានកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដូចជា សកលភាវូបនីយកម្ម វិសមភាពសេដ្ឋកិច្ចក្នុងចំណោមសមាជិក ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ភាពក្រីក្រ ការកើនឡើងនៃកំដៅផែនដី អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលបានជះឥទ្ធិពលដល់ការអភិវឌ្ឍ និងសន្តិសុខក្នុងតំបន់។

លោកបណ្ឌិត បានបន្តថាតាមឧត្ដមគតិ រដ្ឋសមាជិកអាស៊ានគួរតែបង្កើតសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់យ៉ាងរឹងមាំ ពង្រីកទីផ្សារសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ និងបង្កើតទំនាក់ទំនងរវាងសមាជិកអាស៊ាន ដើម្បីផ្សារភ្ជាប់គម្លាតនៅក្នុងអាស៊ានខ្លួនឯង។ នៅក្នុងការតភ្ជាប់និងបរិបទទាំងនេះ វាមានសារៈសំខាន់ណាស់ក្នុងការទទួលបានការយល់ដឹងកាន់តែប្រសើរឡើង និងពិភាក្សាអំពីបញ្ហាមួយចំនួនដែលទាក់ទងនឹងសារៈសំខាន់នៃតំបន់ប្រវត្តិសាស្រ្តរបស់វា ប្រភពដើមនៃអាស៊ាន និងមូលហេតុនៃវិបត្តិសមុទ្រចិនខាងត្បូង។

ជាមួយគ្នានេះ លោកបណ្ឌិត Jae Hyeok Shin នាយកវិទ្យាស្ថានសម្រាប់ចីរភាពនៃសាកលវិទ្យាល័យកូរ៉េ បានធ្វើបាឋកថាបង្ហាញអ្នកចូលរួមពីប្រវត្តិរបស់សមាគមន៍អាស៊ាន ពីសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាបញ្ហាសមុទ្រចិនខាងត្បូង ដោយលោកបានថ្លែងថា «មនុស្សនៅក្នុងសមាគមន៍អាស៊ានមួយចំនួន ប្រហែលជាភ្លេចពីសារប្រយោជន៍នៃសមាគមន៍របស់ខ្លួន ខណៈដែលពិភពលោកទាំងមូលកំពុងតែក្រឡេកភ្នែកមកមើលសមាគមន៍អាស៊ាន ហើយអាស៊ានមិនត្រឹមតែមានទីផ្សារធំនោះទេ ហើយសេដ្ឋកិច្ចនៅតំបន់អាស៊ានក៏មានការស្ទុះលឿនឡើងគួរឱ្យកត់សម្គាល់ជាទីបំផុត បើយោងតាមទិន្ន័យបច្ចុប្បន្ននោះ អាស៊ានមានសេដ្ឋកិច្ចធំទី៥ នៅក្នុងពិភពលោករបស់យើង»

លោកបានបន្តថា បើទោះបីជាប្រទេសជាសមាជិកមួយចំនួនដូចជាឡាវ មីយ៉ាន់ម៉ា កម្ពុជា នៅមិនទាន់មានសន្ទុះសេដ្ឋកិច្ចខ្លាំងដូចប្រទេសសិង្ហាបុរី វៀតណាម ព្រុយណេ ក៏ឃើញថាប្រទេសទាំងនេះនៅតែបន្តខិតខំពង្រីកសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីដេញទាន់នូវសេដ្ឋកិច្ចរបស់បណ្ដាប្រទេសចំនួនផងដែរ និងត្រូវសិក្សាស្វែងយល់បន្ថែមពីយុទ្ធសាស្រ្តរបស់ប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ ថាគេធ្វើយ៉ាងណាខ្លះដើម្បីឱ្យសេដ្ឋកិច្ចប្រទេសរបស់គេមានការកើនឡើង។

លោកក៏បានបញ្ជាក់ផងដែរថា ជម្លោះដែនទឹករវាងអាមេរិកនិងចិន នៅតែមានកម្ដៅនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែបញ្ហានេះទើបមានការបែងចែកប៉ូលនៃភូមិសាស្រ្តនយោបាយ របស់ប្រទេសមហាអំណាចទាំងពីរ។ លោកសង្កត់ធ្ងន់ថា បញ្ហានេះមិនមែនគ្រាន់តែជាបញ្ហាធម្មតាដូចដែលយើងបានដឹងនោះទេ វាមានអ្វីស៊ីជម្រៅជាងនោះទៅទៀតដែលយើងមិនបានដឹង។

សូមជម្រាបថា ប្រធានបទនៃបាឋកថា «ទំនាក់ទំនងអន្តរជាតិនៃអាស៊ីអាគ្នេយ៍» រៀបចំឡើងដើម្បីពិភាក្សា និងឆ្លុះបញ្ចាំងពីទិដ្ឋភាពក្រោយ និងទស្សនវិស័យនៃអាស៊ីអាគ្នេយ៍ និងអាស៊ាន និងរបៀបឆ្លើយតបទៅនឹងបញ្ហា ជាពិសេសទទួលបានការយល់ដឹងកាន់តែប្រសើរឡើងអំពីទិដ្ឋភាពរួមនៃអាស៊ីអាគ្នេយ៍ និងអាស៊ាន ជាពិសេសការយល់ដឹងស៊ីជម្រៅអំពីផលប៉ះពាល់ដែលអាចកើតមាននៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងក្រៅតំបន់៕