(ភ្នំពេញ)៖ ថ្មីទៀតហើយ! ក្មេងទំនើង១ក្រុមដែលមានរហស្សនាមថាក្រុម N.K.V (នាគវ័ន្ត) ចំនួន០៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ បង្ក្រាបខណៈដែលពួកគេនាំគ្នាបង្ហោះម៉ូតូដោយមិនគិតពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវ តាំងពីនៅចំណុចបឹងកក់ ចំណុចសួនច្បារវត្តបុទុម រហូតជាប់សំណាញ់ អាវុធហត្ថខណ្ឌដូនពេញនៅចំណុចផ្លូវ១៣​ កែងផ្លូវ​១៣០​ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងវេលាម៉ោង០៣:២០នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញនិងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាការ ក្តៅធ្វើការបង្ក្រាបក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ យ៉ាងតឹងរឹងបំផុត ដោយចាប់ផ្តើម ពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ គិតមកដល់ត្រឹមថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ បង្ក្រាបបាន ២៨លើក ស្មើនឹង១៤៣នាក់ក្នុងនោះរួមមាន៖

-ក្រុម AC = ១១នាក់ (មានប្រវត្តិ ប្រើ ដាវ កាំបិត ដុំថ្ម ធ្វើសកម្មភាព ដេញកាប់ និងគប់គ្នា នៅចំណុចផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ)។
- ក្រុម លូ៥ (៩៨) = ០៦នាក់ (មានការពាក់ព័ន្ធករណីក្រុមដេញកាប់គ្នានៅមុខរបងព្រលាន យន្តហោះ ពោធិ៍ចិនតុងនាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤)។
- ក្រុម ZK (សាំងគីម) = ០១នាក់ (មានប្រវត្តិ ដេញកាប់ក្រុម JR (ចង្រិត) ឲ្យខូចម៉ូតូ ០២គ្រឿង នៅម្តុំស្ទឹងមានជ័យ និងធ្លាប់ដេញវាយសិស្សអនុវិទ្យាល័យទួលអំពិល)
- ក្រុម EH = ០៣នាក់ (មានប្រវត្តិ ដេញវាយគ្នាដោយប្រើ ដុំថ្ម ខ្សែក្រវ៉ាត់ ជាមួយក្រុមទំនើងផ្សេងទៀត មិនស្គាល់ឈ្មោះ ក្នុងអំឡុងឆ្នាំ២០២១និងដើមឆ្នាំ២០២៤ នៅម្តុំអនុវិទ្យាល័យទួលអំពិល)។
- ក្រុម TTP (ទួលទំពូង) = ២១នាក់ (ប្រមូលផ្តុំគ្នា បង្ហោះម៉ូតូ នៅចំណុចផ្លូវលេខ៣៦០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ)។
- ក្រុម DMS (ក្រុមដើមស្តៅ) = ០៨នាក់ (ពាក់ព័ន្ធ ឆក់ទូរស័ព្ទចំនួន០២លើក ចំណុចផ្លូវ ជាតិលេខ៣ និង ផ្លូវ៦០ម៉ែត្រ កាលពី៦ខែមុន, កាប់ប្លន់ ម៉ូតូចំនួន០៤លើក ចំណុចផ្លូវជាតិលេខ៣ ជិតដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល, ចំណុចវត្តឬស្សីសាញ់, ចំណុចភូមិព្រែកកំពឹស និងចំណុចទួលពង្រ និងធ្លាប់ វាយកាប់គ្នា នៅសង្កាត់ព្រែកកំពឹស, ផ្សារអ៊ីអន៣, ផ្លូវ៦០ម៉ែត្រ, ផ្លូវលេខ ២១៧ ជិតស្រាបៀកម្ពុជា, ចំណុចលូប្រាំ និងម្តុំទួលពង្រ ដែលបណ្តាលឲ្យជនរងគ្រោះរងរបួស មានស្រាល និងមានធ្ងន់។
- ក្រុម N.K.V (នាគវ័ន្ត) = ០៥នាក់ (ពាក់ព័ន្ធប្រមូលផ្តុំគ្នា បង្ហោះម៉ូតូ តាមដងផ្លូវនាម៉ោង០៣ទៀបភ្លឺ នៅចំណុចបឹងកក់ ចំណុចសួនច្បារវត្តបុទុម និងនៅ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
- ៨៨ នាក់ផ្សេងទៀត ជាក្មេងទំនើងពុំមានឈ្មោះក្រុម និងមួយចំនួនជាសិស្សសាលា ដែលខ្លះពាក់ព័ន្ធករណីប្រមូលផ្តុំគ្នា ជក់គ្រឿងញៀន ជក់កញ្ឆា ជក់វ៉ែប លេងបៀ បង្ហោះម៉ូតូ កែច្នៃស៊ីម៉ាំងរថយន្តខុសបច្ចេកទេសបើកក្នុងល្បឿនលឿនបន្លឺសម្លេងខ្លាំងៗ ផឹកស៊ីចាក់ធុងបាស់ នៅតាមទីសាធារណៈពេលយប់អធ្រាត្រ។ល។

ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយ សូមទំនាក់ទំនងកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទHotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញនឹងរក្សារការសម្ងាត់ជូន៕