(កំពង់ស្ពឺ)៖ មានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ និងពិការបាត់បង់សមត្ថភាពចំនួន២០នាក់ ក្នុងឱកាសអបអរសាទរខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៤។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា ជូនដល់យោធិនសោធននិវត្តន៍ និងយោធិនពិការ ក្នុងឱកាសអបអរសាទរខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ ដោយសេចក្តីនឹករឭក និងយកចិត្តទុកដាក់ គិតគូរគ្រប់បែបយ៉ាង ដល់អតីតយុទ្ធជនរបស់យើង ដោយមិនបំភ្លេចបានឡើយ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានថ្លែងអំណរគុណដល់អតីតយោធិនសោធននិវត្តន៍ និងយោធិនពិការទាំងអស់ដែលបានរួមចំណែកយ៉ាងសកម្មជាមួយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងពេលនេះជាប្រធានព្រឹទ្ធសាភា ហើយទទួលបាននូវសុខសន្តិភាពមកដល់ថ្ងៃនេះ។ ក្នុងនាមជាអតីតយុទ្ធជនជាអ្នកប្រយុទ្ធ អ្នកតស៊ូ ជាគំរូដ៏ល្អ និងការពារមរតកសន្តិភាពនេះឱ្យបានគង់វង្សយូរអង្វែង។

បញ្ជាក់ថា ក្នុងឱកាសពិធីសំណេះសំណាល លោកឧត្តមសេនីយ៍មេបញ្ជាការ បានឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀល, អង្ករចំនួន១បាវ, ទឹកបរិសុទ្ធចំនួន១កេះ, ទឹកក្រូចចំនួន១កេះ, ទឹកស៊ីអ៊ីវចំនួន១យួរទឹកត្រីចំនួន១យួរ៕