(កំពង់ធំ)៖ និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំវេទិកាស្ដីពីការផ្សព្វផ្សាយផលិតផលឥណទាន (កម្ចី) ដល់សមាគមស្វាយចន្ទីកម្ពុជា និងកសិករចិញ្ចឹមមាន់ស្រុកនៅខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1 និងលោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ និងដោយផ្ទាល់ដល់សមាជិក-សមាជិកា នៃសមាគមស្វាយចន្ទីរកម្ពុជា អំពីផលិតផលឥណទាន (កម្ចី) និងការជម្រុញដល់ភ្នាក់ងារឥណទានគម្រោង ACSEP តាមខេត្ត ស្រុក គោលដៅផ្តល់ព័ត៌មានលម្អិតអំពីការផ្តល់កម្ចីរបស់គម្រោង ACSEP និងបែបបទនីតិវិធីផ្សេងៗដែលអាចទទួលបានឥណទាន (កម្ចី) ពីគម្រោង។ វេទិកាផ្សព្វផ្សាយនេះក៏មានគោលបំណងដើម្បីចូលរួមចំណែកជាមួយសមាគមស្វាយចន្ទីរកម្ពុជា ក្នុងការជួយជម្រុញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី ក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបាន ២៥% នៅឆ្នាំ២០២៧ តាមរយៈការផ្តល់ទុន ជាមួយលក្ខខណ្ឌអនុគ្រោះរបស់គម្រោង ACSEP។

វេទកាខាងលើមានការចូលរួមពីសមាជិក សមាជិកា និងទីប្រឹក្សារបស់ ACSEP PIU1, តំណាងសភាពាណិជ្ជកម្មខេត្តកំពង់ធំ, តំណាងអង្គភាពគ្រប់គ្រងគម្រោងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ, សាជីវកម្មធានាឥណទានកម្ពុជា, ក្រុមហ៊ុន សហគ្រាស សិប្បកម្ម ផលិត-ប្រមូលទិញ និងកែច្នៃស្វាយចន្ទីរដែលជាសមាជិក/សមាជិការបស់សមាគម កសិករចិញ្ចឹមមាន់ស្រុក, និងក្រុមការងារមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា៕