(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសមត្ថកិច្ចពាក់ព័ន្ធចំពោះកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងគ្រឿងញៀន លុបបំបាត់ល្បែងស៊ីសង ខុសច្បាប់ និងការបង្ក្រាបក្មេងទំនើង នារយៈពេលកន្លងមក។

សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ខិតខំបន្តទៀត ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីសន្តិសុខ និងភាពសុខសាន្ត ជូនប្រជាពលរដ្ឋ។

ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្ដ្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឲ្យកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ខេត្តទាំងអស់ បន្តអនុវត្តឲ្យបានជាប់ជាប្រចាំ នឹងដូចភ្លៀងរលឹម លើការបង្ក្រាបក្មេងទំនើង ជាពិសេសក្រុមកាប់ដាវស៉ាំម៉ូរៃ ដោយត្រូវអនុវត្តដោយគ្មានការដកថយឡើយ ងើបមួយចាប់មួយ ងើបមួយអនុវត្តច្បាប់មួយ មិនមានការលើកលែងនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រព័ន្ធតុលាការ នៅពេលដែលកម្លាំងអាជ្ញាធរ ឫសមត្ថកិច្ចខំប្រឹងចាប់ក្មេងទំនើងបានហើយ ប្រព័ន្ធតុលាការអត់មានមូលហេតុច្បាស់លាស់ ហើយដោះលែងវិញនោះទេ ត្រូវតែឲ្យច្បាស់លាស់ ហើយបើមានមូលហេតុច្បាស់លាស់ ត្រូវតែអនុវត្តច្បាប់ឲ្យបានតឹងរឹង ដើម្បីរួមគ្នាធ្វើ និងជាការព្រមានដល់ក្រុមក្មេងទំនើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការអនុវត្តក្តៅលើក្មេងទំនើង ក្រុមកាប់ដាវស៉ាំម៉ូរៃនេះ ត្រូវរួមគ្នាអនុវត្តឲ្យដូចភ្លៀងរលឹម ងើបមួយសង្កត់មួយ ងើបមួយក្រុមសង្កត់មួយក្រុម ត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំ។ សម្តេចបានបញ្ជាក់ថា ម្តាយឪពុកដែលតែងតែភ័យជាងគេ គឺម្តាយឪពុកដែលមានកូនជាអ្នកកាប់ដាវនេះហើយ៕