(ភ្នំពេញ)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានណែនាំឲ្យបណ្តាក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាននៅតាមទីតាំង ដែលរងគ្រោះពីការផ្ទុះឡើងនូវសត្វល្អិតចង្រៃ បំផ្លាញដំណាំរបស់ប្រជាកសិករ ដើម្បីស្វែងយល់ពីផលប៉ះពាល់ជាក់ស្តែង។

ការណែនាំបែបនេះធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងសេចក្តីប្រកាសព័ត៌មាន, សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី ព្រមទាំងក្រសួង-ស្ថាប័ន ពាក់ព័ន្ធពង្រឹងកិច្ចសហការក្នុងការចុះអន្តរាគមន៍ ដល់ប្រជាជនរងគ្រោះ និងត្រូវគិតគូរលើភាពចាំបាច់ នៃការផ្តល់ជំនួយដូចជា៖ គ្រាប់ពូជ ឬ ធនធានចាំបាច់ដទៃទៀត ដល់ប្រជាកសិកររងគ្រោះ ដើម្បីឲ្យពួកគាត់អាច បន្តការដាំដុះឡើងវិញ។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមឲ្យបណ្តាក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាននៅតាមទីតាំង ដែលរងគ្រោះពីការផ្ទុះឡើងនូវសត្វល្អិតចង្រៃនេះ ពង្រឹងការចុះមូលដ្ឋាន ដើម្បីស្វែងយល់ពីផលប៉ះពាល់ជាក់ស្តែង ព្រមទាំងរាយការណ៍ និងលើកជាអនុសាសន៍ជាក់លាក់ ជូនរាជរដ្ឋាភិបាលតាមការចាំបាច់។

សូមជម្រាបថា ដោយសារបញ្ហាអាកាសធាតុក្តៅខ្លាំងក្នុងឆ្នាំនេះ និងអូសបន្លាយពេលយូរ បានធ្វើឲ្យវដ្តជីវិតរបស់ដង្កូវហ្វូងកាន់តែខ្លី ពងឆាប់ញាស់ ស៊ីច្រើន ឆាប់ធំ និងបង្កកំណើត ក្នុងល្បឿនលឿន។ រួមផ្សំជាមួយនឹង ការបាត់លំនឹងជីវចម្រុះដោយសារកត្តាអាកាសធាតុ បានធ្វើឲ្យបាត់បង់នូវប្រភេទសត្វមានប្រយោជន៍មួយចំនួន ដែលតែងដើរតួនាទីបំផ្លាញពពួកដង្កូវទាំងនេះ។

ចំនួនដង្កូវហ្វូងក៏ចាប់ផ្តើមផ្ទុះឡើង ក្នុងបរិមាណច្រើនមួយរំពេច រហូតមកដល់ពេលនេះមានខេត្តជាច្រើនរួចមកហើយបានរាយការណ៍ពីបញ្ហានេះ ព្រមទាំងបានប៉ះពាល់ជាអវិជ្ជមាន ទៅលើដំណាំច្រើន ប្រភេទផងដែរ។

ខណៈពេលនេះ មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បាននិងកំពុងប្រញាប់ប្រញាល់ ចុះតាមដានការរីករាលដាល ផ្សព្វផ្សាយពីវិធានការឆ្លើយតប និងអន្តរាគមន៍ផ្ទាល់ក្នុងករណីចាំបាច់ផងដែរ។

ហេតុការណ៍ស្រដៀងគ្នានេះ ធ្លាប់បានកើតឡើងរួចមកហើយ នៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៦ ដែលនៅក្នុងពេលនោះ វាបានស៊ីបំផ្លាញដំណាំរបស់បងប្អូនប្រជាកសិករ អស់ជាច្រើននៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ចាម៕